(ភ្នំពេញ)៖ ម្ចាស់ Page «រឿងពិត CNRP» ដែលត្រូវបានគេស្គាល់ថា ជា Page មួយបានទម្លាយខ្សែអាត់សំឡេង នៃការសន្ទនារបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយស្រីស្នេហ៍របស់ខ្លួនជាច្រើននាក់ ក្នុងនោះមានទាំងកញ្ញា ខុម ចាន់តារាទី ហៅស្រី មុំ បានកោតសរសើរនូវសេចក្តីក្លាហានរបស់ស្រី មុំ ដែលបានទម្លាយការពិតពីទំនាក់ទំនងជាមួយលោក កឹម សុខា។
ម្ចាស់ Page ដែលគេមិនស្គាល់អត្តសញាណពិតប្រាកដមួយនេះ បានចាត់ទុកថា សេចក្តីក្លាហានរបស់ស្រីមុំ ដែលបាននិយាយការពិត ហ៊ានឆ្លើយប្រាប់ព្រះរាជអាជ្ញារង លោក សៀង សុខ កាលពីម្សិលមញនោះ គឺជាការបញ្ជាក់ជូនទៅសកម្មជន អ្នកគាំទ្របក្សប្រឆាំងទាំងអស់ ក៏ដូចជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្លាប់តែចោទប្រកាន់ថា ខ្សែអាត់សំឡេងនោះ ជារឿងប្រឌិត មួលបង្កាច់ ប៉ុន្តែឥឡូវការពិតត្រូវបានទម្លាយហើយ។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង ដែលម្ចាស់ Page «រឿងពិត CNRP»៖
នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ម៉ោងនៅក្នុងប្រទេសកម្ពុជា ពូបានឃើញសារព័ត៌មាន Fresh news ចេញផ្សាយ ដោយបានទម្លាយឱ្យដឹង ពីកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ជុំវិញការចូលខ្លួនទៅឆ្លើយបំភ្លឺរបស់ក្មួយស្រី (ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ) ដែលជាម្ចាស់សំឡេង ដែលបានឆ្លើយឆ្លងគ្នាជាមួយលោក កឹម សុខា ដែលត្រូវបានបង្ហោះផ្សព្វផ្សាយ ពេញបណ្តាញសង្គម Facebook ហើយកន្លងមកដែលនាងផ្តល់ចម្លើយកុហក ដល់សារព័ត៌មានមួយចំនួន ព្រោះតែនាងធ្វើតាមបញ្ជាលោក កឹម សុខា។ នេះបើតាមការបញ្ជាក់របស់ក្មួយស្រីមុំ ដែល Fresh news បានបង្ហោះផ្សាយ។
អ្វីដែលគួរឲ្យកោតសរសើរបំផុតនោះ គឺនៅថ្ងៃនេះ ក្មួយស្រីមានសេចក្តីក្លាហានណាស់ ដោយក្មួយស្រីបាននិយាយការពិតចេញមក ដើម្បីបញ្ជាក់ជូនទៅសកម្មជន អ្នកគាំទ្របក្សប្រឆាំងទាំងអស់ ក៏ដូចជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្លាប់តែចោទប្រកាន់ថា ខ្សែអាត់សំឡេងនោះ ជារឿងប្រឌិត មួលបង្កាច់ ប៉ុន្តែឥឡូវ ការពិតត្រូវបានទម្លាយហើយ។ សំខាន់ជាងនេះទៅទៀតនោះ គឺបានបង្ហាញយ៉ាងច្បាស់នូវភាពក្លាហានក្នុងការហ៊ាននិយាយ ការពិតរបស់ក្មួយ នេះមិនត្រឹមតែបញ្ជាក់អោយឃេីញច្បាស់ថាក្មួយ មានឧត្តមគតិស្រឡាញ់នូវសច្ចៈធម៌ តែប៉ុណ្ណោះទេ ប៉ុន្តែគឺជាសារដ៏មានសារៈសំខាន់បំផុតក្នុងនាមក្មួយជាស្ត្រីរងគ្រោះម្នាក់ ប្រាប់អោយប្រជាពលរដ្ឋស្គាល់នូវល្បិចបោកប្រាស់ តាមរយៈការសន្យាខ្យលរបស់លោក កឹម សុខា ក្នុងការប្រេីប្រាស់ពាក្យលួងលោម និងលុយកាក់ដេីម្បីបំរេីនូវតណ្ហាផ្លូវភេទមិនចេះឆ្អែតឆ្អន់របស់ខ្លួន។ល។ អំពើអសីលធម៌របស់លោក កឹម សុខា ក៏ជាសកម្មភាពមួយជំរុញអោយមានពេស្យាកម្ម នៅក្នុងប្រទេសយេីង និងបានប៉ះពាល់ដល់ មុខមាត់ កិត្តិយស តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរជាខ្លាំង។
ពូបានឃើញសារព័ត៌មាន Fresh news បានចុះផ្សាយទៀតថា៖ មិនខុសពីការផ្សព្វផ្សាយនូវសំឡេង ដែលបែកធ្លាយកន្លងមករវាង កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ជាមួយលោក កឹម សុខា គឺនាងបានសារភាពពីទំនាក់ទំនងស៊ីជម្រៅរវាងពួកគេទាំងពីរ និងការណាត់គ្នាទៅក្រៅប្រទេស ដើម្បីដេកជាមួយគ្នាថែមទៀតផង។ រឿងអាស្រូវផ្លូវភេទជាមួយលោក កឹម សុខា បន្ទាប់ពីបញ្ចប់ការសាកសួរលើកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ អស់រយៈពេលពេញមួយព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយអង្គភាព Fresh News នៅរសៀលថ្ងៃនេះតែម្តង ដោយរៀបរាប់ពីចម្លើយសារភាពរបស់កញ្ញា ស្រីមុំ ពាក់ព័ន្ធខ្សែអាត់សម្លេងរវាងនាង និងលោក កឹម សុខា ដែលបានបែកធ្លាយ តាមបណ្តាញសង្គម Facebook មានឈ្មោះ រឿងពិត CNRP។
លោក សៀង សុខ បានរៀបរាប់ថា តាមចម្លើយសារភាពរបស់ កញ្ញា ស្រីមុំ គឺនាងបានទទួលស្គាល់សំឡេង នៅក្នុងខ្សែអាត់ដែលបែកធ្លាយ គឺជាសំឡេងយ៉ាងពិតប្រាកដរវាងរូបនាង និយាយជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ កញ្ញា ស្រីមុំ បានរៀបរាប់ប្រាប់លោក សៀង សុខ ទៀតថា នៅក្នុងពេលមានទំនាក់ទំនងជាមួយគ្នានោះ នាងបានទៅលេងទីក្រុងបាងកក ជាមួយលោក កឹម សុខា ចំនួន២ដង ដោយលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥, លោក កឹម សុខា លោមលួងឲ្យលុយចំនួន៣០០០ដុល្លារ និងសន្យារកទិញផ្ទះមួយ នៅកន្លែងស្ងាត់ងាយស្រួលចេញចូល។ ពេលទៅដល់ទីក្រុងបាងកកនោះ លោក តុ វ៉ាន់ចាន់ ដែលជាអ្នកជូននាងទៅតាមបញ្ជារបស់លោក កឹម សុខា បាននាំនាងទៅស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ (មិនចាំលេខបន្ទប់) ហើយត្រឡប់មកភ្នំពេញវិញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។
ដោយឡែកពេលទៅទីក្រុងបាងកក ជាមួយលោក កឹម សុខា លើកទី២ គឺចាប់ពីថ្ងៃទី០១ ទី០២ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កញ្ញា ស្រីមុំ បានបញ្ជាក់អះអាងថា នាងបានចេញទៅជាមួយឈ្មោះ ពិន រតនា ដោយមានការប្រាប់ពីលោក កឹម សុខា ឲ្យនាងទំនាក់ទំនងជាមួយគាត់ពេលទៅដល់ប្រទេសថៃ។ នាងបានស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ ជាមួយបន្ទប់លោក កឹម សុខា ដោយលោក កឹម សុខា បានរង់ចាំនាងនៅក្នុងបន្ទប់មុន។
លោក សៀង សុខ បានបញ្ជាក់ទៀតថា កញ្ញា ស្រីមុំ បាននិយាយថា ពេលដើរលេងនៅទីក្រុងបាងកកនោះ នាងទទួលបានលុយ៣០០ដុល្លារប៉ុណ្ណោះ ពីលោក កឹម សុខា ដើម្បីដើរទិញអីវ៉ាន់ផ្សេងៗ។ លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ពួកគេទាំងពីរនាក់ បានត្រឡប់មកកម្ពុជាវិញ ដោយលោក កឹម សុខា បានសន្យានឹងបើកហាងសំអាងការមួយកន្លែងឲ្យនាង ប៉ុន្តែរហូតមកដល់ពេលនេះ នាងពុំទាន់បានទទួលពីលោក កឹម សុខា នៅឡើយនោះទេ។ ក្រៅពីការរៀបរាប់ខាងលើ កញ្ញា ស្រីមុំ បានអះអាងទៀតថា ក្រោយពេលបែកធ្លាយ ខ្សែអាត់សំឡេងរវាងនាង និងលោក កឹម សុខា នោះ លោក កឹម សុខា បានប្រាប់នាងជាញឹកញ៉ាប់ឲ្យនិយាយកុហកប្រាប់គេ ទាំងសារព័ត៌ និងមហាជនទូទៅថា រវាងនាង និងគាត់ (កឹម សុខា) គ្រាន់តែមានទំនាក់ទំនងគ្នាធម្មតាប៉ុណ្ណោះ ក្នុងនាមជាភ្ញៀវ និងជាងកក់សក់។
លោក សៀង សុខ បញ្ជាក់បន្ថែមថា នៅក្នុងអំឡុងពេលសាកសួរ កញ្ញា ស្រីមុំ បានស្នើសុំឲ្យតំណាងអយ្យការ មេត្តាជួយរកយុត្តិធម៌ឲ្យរូបនាង តាមផ្លូវច្បាប់។ លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា លោកនឹងពិនិត្យមើលករណីនេះតាមនីតិវិធី។ ដោយឡែកកញ្ញាស្រីមុំ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
ជាមួយគ្នានេះ មហាជនបានចោទជាសំណួរទៅកាន់ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលបានព្យាយាមចង់ជម្លៀស កញ្ញា ស្រីមុំ ទៅក្រៅប្រទស ក្នុងគោលបំណងបិទបាំងអាស្រូវលោក កឹម សុខា។
កន្លងមកអង្គការក្នុងរដ្ឋាភិបាលទាំងនេះ តែងតែព្យាយាមទាមទារឲ្យរកមុខ អ្នកថតសម្លេងខ្សែអាត់រវាងកញ្ញាស្រីមុំ និងលោក កឹម សុខា ប៉ុន្តែតាមការសារភាពរបស់ស្រីមុំ គឺបានបង្ហាញយ៉ាងគ្រប់គ្រាន់ និងច្បាស់ក្រឡែត ពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងអ្នកទាំងពីរ។ ដូច្នេះតើអង្គការក្រៅរដ្ឋាភិបាលទាំងនេះអស់ចិត្ត ឬនៅ ចំពោះបញ្ហាខ្សែអាត់សម្លេងបែកធ្លាយនេះ? នៅពេលនេះ តើមានអង្គការក្រៅរដ្ឋាភិបាល ឬអ្នកណាផ្សេងទៀត ដែលចង់ជួយជ្រោមជ្រែងរកមេធាវីឲ្យស្រីមុំ ឬក៏ចង់រកមេធាវីឲ្យ កញ្ញា ស្រីមុំ ប្តឹងបកទៅលោក កឹម សុខា វិញដែរឬបយ៉ាងណា ព្រោះស្រីមុំ ត្រូវការរកយុត្តិធម៌សម្រាប់រូបនាង៕