(មណ្ឌលគិរី)៖ ឈ្មួញរកសីុប្រណិតដ៏ល្បីប្រចាំខេត្តមណ្ឌលគិរី ឈ្មោះ សួ ម៉ារិទ្ធ និងបក្ខពួក៣នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ សាក់ សារាំង មេបញ្ជាការអាវុធហត្ថ បានចុះទៅបង្ក្រាប និងឃាត់រថយន្ត Lexus470 មួយគ្រឿង កំពុងដឹកជញ្ជូនឈើប្រណិត សង្ស័យឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើប្រណិតខាងលើនេះ បានកើតឡើង វេលាម៉ោង ៥៖២០នាទីទៀបំភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១៥៨ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ សាក់ សារាំុង បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២០ ខែមេសានេះថា ជនសង្ស័យទាំង៤នាក់ គឺជាឈ្មួញឈើ ដែលត្រូវបានកម្លាំងអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុកកែវសីមា និងស្រុកអូរាំងឪ ចុះទៅបង្ក្រាបទាន់ពេលវេលា ពេលដែលពួកគេកំពុងដឹកជញ្ជូនតាមដងផ្លូវ ប៉ុន្តែមិនដឹងថា ឆ្ពោះទៅទីណាឡើយ។
បើតាមបញ្ជាការអាវុធហត្ថរូបនេះ ជនសង្ស័យម្នាក់ ឈ្មោះ សួ ម៉ារិទ្ធ ត្រូវបានតុលាការចេញដីកាបញ្ជាឲ្យចាប់ខ្លួនផងដែរ ពាក់ព័ន្ធនឹងសកម្មភាពជួញដូរឈើប្រណិតនាពេលកន្លងទៅ។ សម្រាប់វត្ថុតាងទាំងឈើ និងរថយន្តត្រូវបានអាវុធហត្ថ ប្រគល់ទៅឲ្យមន្រ្តីរដ្ឋបាលព្រៃឈើ ហើយសម្រាប់ជនសង្ស័យទាំង៤នាក់ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
សូមជំរាបថា កាលពីវេលាទៀបភ្លឺថ្ងៃ២០ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថខេត្តបានសហការជាមួយ កម្លាំងអាវុធហត្ថចំនួន២ស្រុក គឺស្រុកកែវសីមា និងស្រុកអូររាំង ធ្វើការឃាត់ចាប់ខ្លួនមេឈ្មួញដ៏ធំម្នាក់ឈ្មោះសួ ម៉ារិទ្ធនិងបក្ខពួក៣នាក់ កំពុងដឹកជញ្ជូនឈើប្រណិត ហើយក្នុងប្រត្តិបតិការនេះ កម្លាំងអាវុធហត្ថ បានរថយន្ត Lexus470 ពណ៌ខ្មៅមួយគ្រឿងស្លាកលេខភ្នំពេញ2L5056៕