(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាលកិច្ច បានរៀបចំនូវអត្ថបទមួយពន្យល់ ពីការផាកពិន័យ ចំពោះការមិនរាយការណ៍ ការមិនផ្ដល់ព័ត៌មាន និងការមិនផ្ដល់របាយការណ៍ ។

ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖

យោងតាមមាត្រា ៤៤ នៃច្បាប់ស្តីពីបរធនបាលកិច្ច (២០១៩) បរធនបាល ត្រូវផាកពិន័យជាប្រាក់ដោយមន្ត្រីអធិការកិច្ចបរធនបាលកិច្ច ពី ២០ ០០០ ០០០(ម្ភៃលាន) រៀល ទៅ ៥០ ០០០ ០០០(ហាសិបលាន) រៀល ចំពោះអំពើដូចជា៖

(១)៖ មិនបានរាយការណ៍ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ច ឲ្យបរធនបាលទាយក អត្ថគាហកៈ និងបញ្ញត្តិករពាក់ព័ន្ធ
និង(២)៖ មិនផ្តល់របាយការណ៍ហិរញ្ញវត្ថុជាប្រចាំទៅបញ្ញត្តិករពាក់ព័ន្ធ និងទៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។

ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥០ ០០០ ០០០ (ហាសិបលាន) រៀល ទៅ ១០០ ០០០ ០០០ (មួយរយលាន) រៀល និង/ឬដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ១ (មួយ) ឆ្នាំ (ច្បាប់ស្តីពីបរធនបាលកិច្ច, ២០១៩ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ២០២១; អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញវត្ថុមិនមែនធនាគារ, ២០២១)៕