(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផ្តល់អំណោយដល់ចាស់ជរាចំនួន២០គ្រួសារនៅភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងពេលផ្ដល់អំណោយជូនប្រជាពលរដ្ឋនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នោះ លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ការផ្តល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈ ពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង ទោះបីការផ្តល់ជាអំណោយមនុស្សធម៌ថ្ងៃនេះមានតិចតួច មិនបានជួយដល់ពលរដ្ឋយូរអង្វែងក៏ដោយ ប៉ុន្តែវាអាចជួយដោះស្រាយពលរដ្ឋនៅពេលលំបាកបានមួយគ្រាដែរ។
លោកស្រីបានផ្តាំផ្ញើដល់លោកយាយលោកតាសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើផ្នែកអនាម័យ ដូចការបរិភោគសាច់ឆៅ បន្លែឆៅ ទឹកឆៅដែលបណ្តាលឱ្យមានការរាគរុះបង្កជាជំងឺឆ្លងផ្សេងៗ ធ្វើឱ្យប៉ះពាលដល់សុខភាពដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត។
បន្ថែមពីនេះទៀត លោកស្រី ឃួន ឃុនឌី បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរាយការទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតនៅពេលមានបញ្ហា ដើម្បីជួយប្រជាពលរដ្ឋទាន់ពេលវាលាផងដែរ។
អំណោយដែលចែកជូននាពេលនោះក្នុង១គ្រួសារៗ រួមមាន អង្ករ២៥គីឡូក្រាម មី១កេស ភួយ១ ក្រមា១ និងថវិកា៣ម៉ឺនរៀល៕