(ភ្នំពេញ)៖ គ្រឿងឧបភោគបរិភោគ មានអង្គរ២០បាវ មី២០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៉ីវ១០យួរ ទឹកផ្លែឈើ២០កេស សម្ភារផ្ទះបាយ២០សម្រាប់ និងថវិកាចំនួន២លានរៀល ដែលជាទានរបស់វត្តអង្គតាម៉ិញ ត្រូវបានព្រះគ្រូវិរិយាន័រក្ខធម្ម យ៉ាន់ ថាន់ ចៅអធិការវត្តតាម៉ិញ និងគណៈកម្មការវត្ត ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ។

ការផ្តល់ទេយ្យទានខាងលើនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅសាលាឆាន់វត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការទទួលអំណោយពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកស្រី អ៉ឹម ថាវី ប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ លោក សំ ធា ប្រធានអន្តរវិស័យខណ្ឌ និងមន្ត្រីរាជការជុំវិញខណ្ឌ សង្កាត់ ភូមិជាច្រើននាក់ផងដែរ។

ព្រះគ្រូចៅអធិការមានសង្ឃដិកាថា របស់របរទាំងនេះមិនមែនជារបស់សល់ប្រើប្រាស់មិនកើតនោះទេ គឺព្រះសង្ឃទាំងអស់បានសន្សំបន្តិចម្តងៗ ពីការប្រើប្រាស់ប្រចាំថ្ងៃប្រមូលសម្រាប់ជាទានជូនទៅកាកបាទក្រហម ដើម្បីបានចែករំលែកដល់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងមូលដ្ឋាន។ នេះជាព្រហ្មវិហាធម៌នៃពុទ្ធសាសនាក្នុងការចែលរំលែកទានដល់ទាយក-ទាយិកាដែលកំពុងជួបបញ្ហាក្នុងជីវិត បើទោះបីថាការធ្វើទានដោយប្រយោលក្តី ក្នុងទឹកចិត្តជ្រះថ្លា និងទទួលបានបុណ្យកុសលស្មើៗគ្នា។

លោក ហែម ដារិទ្ធ បានសម្តែងទឹកចិត្តរីករាយ និងថ្លែងអំណរគុណចំពោះព្រះចៅអធិការវត្តអង្គតាម៉ិញ ដែលជានិច្ចកាលព្រះអង្គតែងបានចែករំលែកទេយ្យទាន ទេយ្យវត្ថុជាបន្តបន្ទាប់ជូនមកអនុសាខាខណ្ឌ ដែលនោះគឺជាទុនមួយចំណែកក្នុងការទ្រទ្រង់សកម្មភាពមនុស្សធ៌ម ជួយជនរងគ្រោះ។

លោកអភិបាលខណ្ឌបានលើកឡើងថា សព្វថ្ងៃនេះ កាកបាទក្រហមកំពុងក្លាយជាសេនាធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធ៌ម ជួយជនរងគ្រោះ ពហុវិស័យ ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាអ្វីឡើយ។

ដោយឡែក សម្រាប់មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ទោះបីយើងមិនជួបគ្រោះមហន្តរាយធ្ងន់ៗដូចបណ្តាខេត្ត ឬដូចប្រទេសនានាលើពិភពលោកក្តី តែភាពក្រីក្រក៏ជាបញ្ហាប្រឈមខ្ពស់ដែលជាបន្ទុកមួយឲ្យអាជ្ញាធរត្រូវរួមសហការគ្នាជាមួយ អនុសាខាខណ្ឌរិះរកវិធីដោះស្រាយជាបន្តបន្ទាប់ ធ្វើឱ្យយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើឡើង។

លោកអភិបាលខណ្ឌសន្យា និងនាំយកអំណោយទាំងនេះទៅចែកជូនជនរងគ្រោះ និងជនងាយរងគ្រោះក្នុងមូលដ្ឋានដោយផ្ទាល់ដៃ មិនឱ្យព្រះអង្គខកបំណងឡើយ៕