(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលួចបង្ហើបប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២០ ខែមេសានេះថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងភរិយា ព្រមទាំងកូនស្រី បានចាកចេញយ៉ាងស្ងាត់ស្ងៀមទៅទីក្រុងបាងកក ប្រទេសថៃ កាលពីវេលាម៉ោង៧៖៣០នាទីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ និងបន្តឆ្ពោះទៅកាន់ប្រទេសទី៣។
មន្រ្តីជាន់ខ្ពស់ CNRP រូបនោះ បានបន្តប្រាប់ថា លោក កឹម សុខា និងក្រុមគ្រួសារ ទិញសំបុត្រយន្តហោះតែទៅប៉ុណ្ណោះ (one way) និងបានបន្តទិញសំបុត្រយន្តហោះនៅទីក្រុងបាងកក ដើម្បីបន្តដំណើរទៅកាន់ប្រទេសទី៣។ ចំណែកការវិលត្រឡប់មកកាន់កម្ពុជាវិញ នៅមិនទាន់ដឹងច្បាស់ពីពេលវេលានោះទេ។
សូមជំរាបថា ពាក់ព័ន្ធរឿងអាស្រូវសារសម្លេង ស្នេហារវាងលោក កឹម សុខា និងស្រីមុំ នៅពេលនេះត្រូវបាន ភាគីខាងស្រី ខុម ចាន់ដារ៉ាទី ទទួលស្គាល់សម្លេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ គឺជាសម្លេងយ៉ាងពិតប្រាកដរវាងរូបនាង និយាយជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕