(កំពត)៖ ប្រជាពលរដ្ឋជាង៣៥០គ្រួសារ នៅសង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត បាននឹងកំពុងដាច់ទឹកហើយ ក្រោយពីមានការប្រែប្រួលអាកាសធាតុ ទឹកតាមស្ទឹង អណ្តូង បឹង បួរ មានការរីងស្ងួតជាបន្តបន្ទាប់ រហូតគ្មានទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ប្រឈមនឹងគ្រោះអត់ទឹកខាងលើនេះ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថដឹកជញ្ជូនទឹកយកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភ្លាមៗ ដល់គេហដ្ឋាន។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ កំលាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការជាមួយ អាវុធហត្ថខេត្ត ក្រោមបញ្ជាពីលោកអភិបាលខេត្ត បានប្រើប្រាស់ឡានទឹករបស់ស្នងការចំនួន ០២គ្រឿង ដឹកទឹកចែកជូនប្រជាពលរដ្ឋ ដែលគ្មានទឹកប្រើប្រាស់ចំនួន ៣៥០គ្រួសារ នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
បើតាមលោកស្នងការ ប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពីមានកិច្ចអន្តរាគមន៍ភ្លាមៗ លើការជួយផ្គត់ផ្គង់ទឹកជូនពួកគាត់ ទាន់ពេលវេលា៕