(កំពង់ធំ)៖ លោក ជា អឿង អ្នកអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជំរុញក្រុមការងារពង្រឹងការយកចិត្តទុកដាក់ដល់សមាជិក-សមាជិកា។

លោក ជា អឿង បានថ្លែងយ៉ាងដូច្នេះនៅក្នុងពេលដែលលោកបានជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរភូមិឃុំនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រមាណ៥០នាក់ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។

បន្ទាប់ពីការលើកឡើងនូវបញ្ហាប្រឈមមួយចំនួនរួចមក លោកបានលើកឡើងកោតសរសើរដល់ថ្នាក់ដឹកនាំក្រុមការងារ អាជ្ញាធរដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យទាំងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាព សង្គមបានល្អប្រសើ។

លោកបានបន្ថែមថា អាជ្ញាធរត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវពង្រឹងសមាជិកចាស់ពង្រីកសមាជិកថ្មី ត្រូវមានការសាមគ្គីភាពជាមួយសមាជិកបក្ស ដើម្បីធានារក្សាបាននូវភាពសុខដុមរមនា រក្សាប្រក្រតីភាពនៃជីវភាពសង្គម-សេដ្ឋកិច្ចប្រជាជន ជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះ លោកក៏បានក្រើនរំឭកដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញនិងលើកកម្ពស់ការផ្តល់សេវាសាធារណនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើន។

លោក ជា អឿង បានស្នើឲ្យក្រុមការងារចុះមូលដ្ឋានត្រូវខិតខំបន្តអភិវឌ្ឍបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានាអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជំរុញឲ្យអាជ្ញាធរមូលដ្ឋានប្រឹងប្រែងដោះស្រាយរាល់បញ្ហា ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីឲ្យល្អប្រសើរឡើង។

លោក ជា អឿង បានលើកឡើងថា សមាជិកទាំងអស់គ្នាជាក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក សូមប្រកាសគាំទ្រទាំងស្រុងនូវគោលជំហរស្នហាជាតិមាតុភូមិដ៏អង់អាចក្លាហានយ៉ាងមុះមុតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលមិនព្រមឱនក្បាលធ្វើជាខ្ញុំកញ្ជះតាមការបង្គាប់បញ្ជារបស់បរទេស ឬមហាអំណាចណាមួយ ដែលនាំដល់ការបាត់បង់អធិបតេយ្យភាព បូរណភាពដែនដីនោះទ្បើយ៕