(អូស្ត្រាលី)៖ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសអូស្ត្រាលី បានចេញលទ្ធផលសន្មត់ ក្រោយការត្រួតពិនិត្យដ៏ល្អិតល្អន់របស់ខ្លួនហើយថា បំណែកយន្តហោះដែលត្រូវបានរកឃើញនៅឆ្នេរ សមុទ្រនៃប្រទេសម៉ូហ្សាំប៊ិក (Mozambique) ពិតជារបស់ជើងហោះហើរម៉ាឡេស៊ី MH370 ប្រាកដមែន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីដឹកជញ្ជូនអូស្ត្រាលីលោក Darren Chester បាននិយាយថា ពាក្យគន្លឹះនៅជាប់នឹងបំណែក យន្តហោះត្រូវបានយកទៅប្រៀបធៀបនឹងគំរូដើម របស់វាពិតជាដូចគ្នាឥតខ្ចោះទៅនឹងអក្សរដែល ប្រើប្រាស់ដោយអាកាសចរណ៍ម៉ាឡេស៊ី ពីព្រោះថា អក្សរប្រភេទនេះមិនដូចទៅនឹងទម្រង់ដើមដែល ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន Boeing មុននឹងបញ្ជូនមកឲ្យម៉ាឡេស៊ីនោះទេ។
ដូច្នេះអូស្ត្រាលី បានធ្វើការសន្មត់ជារួមថា បំណែកទាំងពីរដែលត្រូវបានរកឃើញកន្លងមកនេះ គឺមួយផ្នែកមកពីស្លាបរបស់យន្តហោះ និងមួយទៀត មកពីបន្ទះរក្សាលំនឹងយន្តហោះ ហើយទាំងពីរនេះ គឺពិតជាបំណែកដែលបានមកពីយន្តហោះ Boeing 777 ដែលបានបាត់ដំណឹងតាំងពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងអ្នកដំណើរ ២៣៩នាក់នោះប្រាកដមែន៕