(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh Hotel) ស្ថិតនៅលើផ្លូវលេខ១៧៨ (ចន្លោះផ្លូវ១៧៨ កែងផ្លូវ១៩ និងផ្លូវ១៧២ កែងផ្លូវ១៣) ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីម៉ោង០៥៖០០នាទីព្រឹក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ សុំការយោគយល់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ មេត្តាជ្រាបយោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាប ជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕