នគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនជនបរទេស១២នាក់ ត្រូវនឹង៤សញ្ជាតិ លួចឆ្លងដែនរស់នៅ ខុសច្បាប់ក្នុងរាជធានីភ្នំពេញ
20-04-2016 08:21
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសានេះថា កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួនជនបរទេសចំនួន១២នាក់ មាន៤សញ្ជាតិ ដែលបានលួចឆ្លងដែនរស់នៅ និងធ្វើការខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ជនបរទេសទាំងអស់នោះមានសញ្ជាតិ បង់ក្លាដេសម្នាក់ ជនជាតិឥណ្ឌាម្នាក់ ជនជាតិកូរ៉េម្នាក់ និងវៀតណាមចំនួន៩នាក់ ដែលបានលួចឆ្លងដែន ស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ នៅសិប្បកម្មកែច្នៃឈើចំនួន៣ទីតាំង ស្ថិតនៅក្នុងសង្កាត់ទួលទំពូង១ សង្កាត់បឹងត្របែក ខណ្ឌចំការមន និងខ្លះមានសតិមិនប្រក្រតី ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ៕