(ពោធិ៍សាត់)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅម៉ោង១១៖៣០នាទី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បង្កឡើងរវាងរថយន្តម៉ាក HYUNDIA បុកជាមួយរថយន្តតូរីសដឹកផ្លែឈើមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥១ និង ១៥២ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងមុននេះថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត HYUNDIA ពាក់ស្លាកលេខ ភ្នំពេញ 3C-8072 ទំនងជាតៃកុងងងុយដេកងោកមួយភ្លែត ក៏ជ្រុលទៅបុកជាមួយរថយន្តតូរីសដឹកផ្លែឈើ ពាក់ស្លាកលេខ ភ្នំពេញ 2F-2024 ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យឈ្មោះ សួន វលក្ខ័ ភេទប្រុស អាយុ ៣៣ឆ្នាំ តៃកុងរថយន្តតូរីស រស់នៅខេត្តត្បូងឃ្មុំ រងរបួសធ្ងន់, ឈ្មោះ ទុន ភេទប្រុស ព្រូរថយន្តតូរីស រស់នៅខេត្តត្បូងឃ្មុំ ស្លាប់នៅនឹងកន្លែង និង ឈ្មោះ គឹម ឡេង ភេទប្រុស អាយុ ៣៣ឆ្នាំ ម្ចាស់ផ្លែឈើរថយន្តតូរីស រស់នៅខេត្តប៉ៃលិន រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ កម្លាំងអធិការនគរបាលស្រុកក្រគរ និងកម្លាំងមូលដ្ឋាន បានចុះជួយគាស់ និងសង្គ្រោះជនរងគ្រោះជាតៃកុង និង ម្ចាស់ផ្លែឈើតូរីសបានទាន់ពេលវេលា ហើយ សាកសពបុរសជាព្រូរថយន្តតូរីសរង់ចាំ ក្រុមគ្រួសារមកយកធ្វើបុណ្យតាមប្រពៃណី ដោយឡែកតៃកុងរថយន្ត HYUNDIA ដាក់មេប្រូចរត់បាត់ស្រម៉ោល។ រថយន្តទាំង២ រក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕