(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Thị Thu Hằng បានលើកឡើងថា វៀតណាមគាំទ្រកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខនេះ ខណៈដែលកម្ពុជា មានបំណងចូលរួមដោះស្រាយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន។ នេះបើយោងតាមសារព័ត៌មានវៀតណាម Vietnam News ចេញផ្សាយ។

ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដោយលើកឡើងពីប្រតិកម្មរបស់វៀតណាម ជុំវិញបំណងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឲ្យមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ នៅពេលដែលកម្ពុជាជាប្រធានប្តូរវេននោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានប្រកាសគាំទ្រដល់កម្ពុជា។

លោកស្រី Hong បានមានប្រសាសន៍ថា «រាល់កិច្ចការអាស៊ានទាំងអស់ តែងតែធ្វើឡើងក្នុងស្មារតីនៃការផ្លាស់ប្តូរ និងការឯកភាពគ្នាក្នុងចំណោមសមាជិកអាស៊ាន ស្របតាមបទប្បញ្ញត្តិ ដំណើរការ និងនីតិវិធីពាក់ព័ន្ធ ព្រមទាំងធម្មនុញ្ញអាស៊ាន»

លោកស្រី Hong បានបន្ថែមថា វៀតណាមក៏ដូចសមាជិកអាស៊ានដទៃទៀតដែរ តែងតែចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកដ៏សំខាន់នៃគ្រួសារអាស៊ាន ហើយលោកស្រីសង្ឃឹមថា ប្រទេសនេះនឹងបន្តរួមចំណែកដ៏មានអត្ថន័យក្នុងដំណើរការកសាងសន្តិភាព សន្តិសុខសម្រាប់សហគមន៍អាស៊ាន និងស្ថិរភាពក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា។

អំឡុងពេលដែល លោក វុនណា ម៉ោងល្វីន មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលតែងតាំងដោយកម្ពុជា នៅឆ្នាំ២០២២ ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចផងដែរ៕