(ភ្នំពេញ)៖ ប្រជាជនខ្មែរធ្លាប់ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការទម្លាក់គ្រាប់ពីសំណាក់រដ្ឋាភិបាលអាមេរិក ដោយនៅចន្លោះឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៣ គ្រាប់បែកចង្កោមរបស់អាមេរិកជាង២៦លានកូនគ្រាប់ ត្រូវបានទម្លាក់លើប្រជាជនស្លូតត្រង់ប្រមាណ៧លាននាក់។

បើចែកចំនួនគ្រាប់បែកចង្កោម ដែលទម្លាក់លើប្រជាជនខ្មែរ ទទួលរងនូវកូនគ្រាប់បែកចង្កោម របស់អាមេរិកពី៣-៤គ្រាប់ ក្នុងម្នាក់ៗ។

យោងតាមឯកសាររបស់ក្រសួងការបរទេសអាមេរិក ដែលផ្តល់ជូនព្រឹទ្ធសភាអាមេរិក ហើយត្រូវបានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីកម្ពុជា (CMAC) ផ្សព្វផ្សាយជាហូរហែ បានបញ្ជាក់ពីការទទួលស្គាល់របស់អាមេរិកថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសនានា ក្នុងពិភពលោក ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដ៏ច្រើនបំផុត ក្នុងនោះរួមមាន៖ គ្រាប់បែកចង្កោម, គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត។

ឯកសារដដែលនោះបានបញ្ជាក់ទៀតថា «នៅក្នុងការទម្លាក់គ្រាប់បែករបស់អាមេរិកនៅប្រទេសកម្ពុជាក្នុងអំឡុងពេលសង្គ្រាមវៀតណាម,...នៅក្នុងឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកបានចាប់ផ្តើមបើកយុទ្ធនាការ ទម្លាក់គ្រាប់បែករយ:ពេល៤ឆ្នាំ ជាកម្រាលព្រំមកលើកម្ពុជា ដោយបានទម្លាក់គ្រាប់ចំនួន២.៧លានតោន ក្នុងនោះរួមមានមេគ្រាប់ធំៗមានផ្ទុកកូនគ្រាប់បែកចង្កោមនោះ មានចំនួនរហូតជាង ៨០,០០០គ្រាប់ ដែលមានចំនួនកូនគ្រាប់បែកចង្កោមប្រមាណជាង២៦លានគ្រាប់ ហើយមួយភាគបួននៃគ្រាប់ទាំងនោះមិនបានផ្ទុះនោះទេ»

ជាមួយតួលេខទម្លាក់គ្រាប់បែកដែលអះអាងដោយរដ្ឋបាលអាមេរិកដូចខាងលេីនេះ អង្គភាពសុីម៉ាក់តែងតែច្រានចោលតួលេខនេះ និងលេីកឡេីងថាជាតួលេខ​មិនពេញលេញនៅឡេីយទេ ដែលការពិតការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅកម្ពុជាមាន​បរិមាណច្រេីននិងធំធេងជាងនេះទៅទៀត។ ទន្ទឹងនឹងនេះ គ្រាប់បែកចង្កោម ត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិក្រុងអូស្លូប្រទេសណរ័វេស្ស។

ការឈឺចាប់ ទុក្ខវេទនា និងអាយុជីវិតរបស់បងប្អូនខ្មែរ ដែលបានស្លាប់និងរងរបួសដោយសារគ្រាប់បែកអាមេរិកជាងកន្លះលាននាក់ បានបន្សល់ទុកនូវមេរៀនដ៍ជូរជត់ សម្រាប់ប្រជាជនខ្មែរ ខណៈគ្រាប់មិនទាន់ផ្ទុះរបស់អាមេរិក ជាច្រើនលានគ្រាប់ទៀត កំពុងកប់ក្រោមដីកម្ពុជា ហើយបាននឹងកំពុងគំរាមកំហែង ដល់អាយុជីវិតរបស់ប្រជាជនផងដែរ។

សូមជម្រាបថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវ បានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែក នៅកម្ពុជាជិត ២លាន៨សែនតោន ដោយមិនទាន់គិតពីចំនួនគ្រាប់បែកគីមីផងនោះទេ គឺគិតរយ:ពេលតែពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិក ផ្ទះសំបែងខែ្មររាប់ម៉ឺនកន្លែង៕