(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមរយៈការបង្កើតកម្មវិធីទូរស័ព្ទឈ្នះរង្វាន់ពីប្រព័ន្ធធនាគារចល័ត (Moblie App)។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានការអនុញាតពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំកម្លាំងចុះបង្ក្រាបជនសង្ស័យទាំង២នាក់នេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបបានជនសង្ស័យ០២នាក់ឈ្មោះ ម៉េន វាសនា ហៅ យួស សុផារីណូ ហៅ ស្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ និងឈ្មោះ ប្រាក់ វណ្ណារ៉ុង ហៅ ប៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា មុខសញ្ញាសកម្មដែលកម្លាំងជំនាញបង្ក្រាបនេះ តែងតែងធ្វើសកម្មភាពក្លែងខ្លួនធ្វើជាបុគ្គលិកធនាគារដោយលួងលោមជនរងគ្រោះបង្កើតកម្មវិធីធនាគារនឹងទទួលបានប្រាក់រង្វាន់ ដោយគ្រាន់តែចូលផ្លាស់ប្តូរលេខកូដសម្ងាត់តាម ដែលខ្លួនណែនាំ រួចផ្ញើលេខកូដសម្ងាត់ខ្លួន ដើម្បីឲ្យខ្លួនបញ្ចូលប្រាក់រង្វាន់។

សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារផងដែរនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។ ជាមួយគ្នានេះដែរ សមត្ថកិច្ច សូមធ្វើការក្រើនរំលឹកដល់បងប្អូន ដែលតែងតែប្រើប្រាស់ប្រព័ន្ធធនាគារចល័ត សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកជនខិលខូច ដែលលួងលោមឲ្យបង្ហាញលេខកូដសម្ងាត់ធនាគារ រួចអាចទទួលប្រាក់រង្វាន់នានា៕