(កំពង់ធំ)៖ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ លោក គៀង សេងគី បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្ស ត្រូវជំរុញការសិក្សារៀនសូត្រដល់កូនចៅ ដើម្បីបង្កើនធនធានមនុស្សសម្រាប់កម្ពុជា និយាយជារួម និងសម្រាប់មូលដ្ឋាននានា និយាយដោយឡែក។

លោក គៀង សេងគី បានថ្លែងដូច្នេះក្នុងពេលដែលលោកបានផ្តល់កង់ដល់សិស្សានុសិស្សចំនួន១០០នាក់ ក្នុងក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

លោកបានបញ្ជាក់ថា ការអប់រំឱ្យមានការផ្លាស់ប្ដូរ គឺជួយឱ្យកូនខ្មែរទាំងអស់បានផ្ដល់នូវការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយក្នុងការទទួលបាននូវ​យន្តការជ្រើសរើសសម្រាប់កសាងមូលដ្ឋានគ្រឹះនៃការផ្លាស់ប្ដូរ តាមរយៈការគិតពិចារណា ដើម្បីបង្កើតជំនឿចិត្តដល់នូវសេចក្តីសង្ឃឹម ដែលជាថាមពលជំរុញរាល់សកម្មភាព និងការទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសវិស័យកសិកម្មឧស្សាហកម្ម និងអប់រំដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រួមទាំងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

លោកអំពាវនាវដល់មាតាបិតាត្រូវជំរុញការសិក្សារៀនសូត្រដល់កូន ព្រោះការសិក្សាត្រូវពឹងផ្អែកទៅលើខ្លួនឯង ដោយមានការព្យាយាម អំណត់អត់ធ្មត់ យកចិត្តទុកដាក់គ្រប់ពេលវេលា ហើយមាតាមិតាត្រូវជួយទំនុកបម្រុង និងជួយជំរុញលើកទឹកចិត្តបន្ថែម។ លោកថា «ទំពាំងរីកលូតលាស់បានល្អអាស្រ័យលើឫស្សីជួយជ្រោមជ្រែង»។

លោក គៀង សេងគី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA) និងអាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះដែរ សិស្សានុសិស្សដែលបានទទួលសម្ភារសិក្សា និងកង់បានធ្វើការប្តេជ្ញាចិត្ត និងខិតខំរៀនសូត្រស្តាប់តាមការណែនាំ ដើម្បីចូលរួមបម្រើសង្គមជាតិ ហើយមាតាបិតានិងខិតខំធ្វើយ៉ាងណាជួយទំនុកបម្រុង ដើម្បីបានកូនៗបានឆ្លងផុតភូមិសិក្សា។

គួរបញ្ជាក់ថា កង់ដែលចែកជូនសិស្សានុសិស្សនោះមានដូចជាក្រុងស្ទឹងសែនមានចំនួន២៥គ្រឿង ស្រុកកំពង់ស្វាយមានចំនួន៥០គ្រឿង ស្រុកបារាយណ៍មានចំនួន២៥គ្រឿង៕