(ភ្នំពេញ)៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលមានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី នឹងដាក់ម៉ាស៊ីនបោះពុម្ព បណ្ណបើកបរសម្រាប់អ្នកត្រូវប្តូរប័ណ្ណបើកបរថ្មីនៅផ្សារទំនើបអ៉ីអន ក្នុងពេលឆាប់ៗខាងមុខនេះ។
ការសម្រេចដាក់ម៉ាស៊ីនបោះពុម្ពបណ្ណ បើកបរនៅផ្សារទំនើបអ៉ីអន បានលេចចេញនៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃរវាងក្រសួងសាធារ ណការ និងដឹកជញ្ជូន ជាមួយសាលារាជធានីភ្នំពេញដឹកនាំដោយ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និង លោក ប៉ា សុជាតិវង្ស អភិ បាលរាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានថ្លែងបញ្ជាក់នៅលើ Facebook នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះថា ការដាក់ឲ្យដំណើរការម៉ាស៊ីន បោះពុម្ពបណ្ណបើកបរនៅផ្សារទំនើបអ៉ីអននេះ គឺដើម្បីសម្រេចឲ្យបាននូវផែនការរបស់ ១០០ថ្ងៃរបស់លោក ស៊ុន ចាន់ថុល ដែល ទទួលបានបទបញ្ជាពីនាយករដ្ឋ មន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោក ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការដាក់ម៉ាស៊ីនបោះពុម្ពបណ្ណបើកបរនៅផ្សារទំនើបនេះ គឺជាការបង្ខិតសេវាឲ្យទៅកាន់តែ ជិតប្រជាពលរដ្ឋ ដែលជួយឲ្យប្រជាពលរដ្ឋអាចទទួលបានសេវាបានកាន់តែរហ័ស ពោលប្រជាពលរដ្ឋមកដើរលេង ក៏អាចឆ្លៀតពេល ប្តូរបណ្ណបើកបររបស់ខ្លួនបានផងដែរ។
បើតាមលោក ប៉ា សុជាតិវង្ស ក្រៅពីការសម្រេចបោះពុម្ពបណ្ណបើកបរនៅផ្សារទំនើបអ៉ីអនហើយនោះ កិច្ចប្រជុំរយៈពេលពីរថ្ងៃ (១៨-១៩ ខែមេសា) នេះ ក៏សម្រេចបានលទ្ធផលជាច្រើនចំណុចផ្សេងទៀតមានដូចជា៖
១. កាត់បន្ថយពេលវេលាផ្តល់សេវាសាធារណការជូនប្រជាពលរដ្ឋ ដូចជាការធ្វើប័ណ្ណបើកបរ ការលក់ផ្តាច់ ការត្រួតពិនិត្យឈាក ឬ ការធ្វើស្លាកលេខជាដើម ហើយក៏មានការពិភាក្សា ដើម្បីផ្លាស់ប្តូរកិច្ចការមួយចំនួនទៅជាប្រព័ន្ធបច្ចេកវិទ្យាទំនើប(ប្រព័ន្ធIT) ផងដែរ។
២. គូសគំនូសចរាចរណ៍ថ្មីលើផ្លូវចំនួន ៥ខ្សែ ដូចជាមហាវិថីម៉ៅសេទុង ព្រះសីហនុ នរោត្តម សហព័ន្ធរុស្ស៊ី និង មហាវិថីកម្ពុជាក្រោម (មហាវិថីម៉ៅសេទុង និង ព្រះសីហនុ ជាជំនួយរបស់ក្រុមហ៊ុនចិន ក្រៅពីនោះជាបន្ទុករបស់សាលាក្រុង)។
៣. យកចិត្តទុកដាក់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលជាមូលហេតុបណ្ដាលឱ្យមានការខូចខាតផ្លូវជាខ្លាំង។
៤. នឹងសិក្សាកែប្រែផ្លូវរង្វង់មូលមួយចំនួន ទៅជាភ្លើងស្តុប និងកំណត់ផ្លូវឯកទិសនៅលើផ្លូវសំខាន់ៗមួយចំនួនធំ ដើម្បីកាត់បន្ថយ បញ្ហាកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ៕