(ស្ទឹងត្រែង)៖ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងមួយកន្លែង ស្ថិតនៅ ភូមិបាដើម ឃុំសាមឃួយ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលមានប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ។

លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការខេត្ត បានឲ្យដឹងថា ដើមឡើយស្ពានអូរបាដើមនេះ ជាស្ពានដែកបាឡេ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោម និងបានរងការខូចខាតផងដែរ។ ក្រោយពីមើលឃើញពីការលំបាក របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទើបរាជរដ្ឋាភិបាល បានជំរុញឲ្យស្ថាបនាឡើងវិញ ដោយធ្វើជាស្ពានបេតុងនេះតែម្តង។

ក្នុងឱកាសដាក់ឲ្យប្រើប្រាស់នូវស្ពានបេតុងនេះ លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា «នេះជាសមិទ្ធិផលដល់សំខាន់មួយទៀតហើយ ដែលស្រុកសេសាន ក៏ដូចជាខេត្តស្ទឹងត្រែង ទទួលបានជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំ កសិផលរបស់ពួកគាត់»

លោក ស្វាយ សំអ៊ាង បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ខេត្តស្ទឹងត្រែង បាននិងកំពុង មានការរីកចំរើន និងប្រែមុខមាត់ជាបន្តបន្ទាប់ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធិផលរូបវន្តជាច្រើន ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ជាបណ្ដើរៗ។

លោកមអភិបាលខេត្តបានថ្លែងបន្តទៀតថា តាមរយៈការទទួលបានសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា ដូចជា៖ ផ្លូវ ស្ពាន ប្រព័ន្ធ ធារាសាស្រ្តជាច្រើន ដែលសមិទ្ធផលទាំងនោះ បាននិងកំពុងជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ។

ជាចុងក្រោយលោក ស្វាយ សំអ៊ាង បានសំណូមពរដល់ប្រជាពលរដ្ឋដែល រស់នៅតាមបណ្ដោយផ្លូវនេះ ត្រូវចេះថែរក្សា សមិទ្ធផលនានាទាំងអស់នេះបានគង់វង្ស និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរបានយូរអង្វែង។ ក្នុងឱកាសនោះដែរ អភិបាលខេត្ត បានផ្តល់ជូនអាវរងាចំនួនជាង ១០០អាវ និងថវិកាជូនដល់លោកតា លោកយាយ ដែលជាអំណាយផ្ទាល់របស់លោក និងលោកស្រីផងដែរ៕