(ភ្នំពេញ)៖ ការប្រឡងសិស្សពូកែទូទាំងប្រទេសសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា  នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១៦នេះ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប។ ជាមួយការឈានមក ដល់ នៃការប្រឡងសិស្សពូកែនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សម្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមឧប ត្ថម្ភថវិកា និងសម្ភារនានា សម្រាប់ជារង្វាន់បន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស សំដៅជំរុញចលនា នៃការប្រឡងសិស្សពូ កែទូទាំងប្រទេសឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងលិខិតអំពាវនាវចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងអប់រំ បានបង្ហាញក្តីរំពឹង និងជឿជាក់ថា សម្បុរសជន មានធនធានទាំងក្នុង និងក្រៅប្រទេស នឹងជួយជ្រោមជ្រែង ឧបត្ថម្ភជាថវិកា សម្ភារនានា ដើម្បីផ្តល់កម្លាំងចិត្តដល់សិស្សជ័យលាភី។

សូមបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និង ថ្នាក់ទី១២  ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងលើកកម្ពស់គុណភាពអប់រំ សំដៅអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសីលធម៌ និង ចំណេះដឹងខ្ពស់។

សម្រាប់ឆ្នាំ២០១៦នេះ ការប្រឡងសិស្សពូកែនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ហើយពិធីបិទ និង ចែករង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងខេត្តសៀមរាប។

សិស្សជ័យលាភីក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស តែងទទួលបានការឧបត្ថម្ភពីក្រសួង តែរង្វាន់ឧបត្ថម្ភនោះ ហាក់មានចំនួន តិចតួច ហើយជារៀងរាល់ឆ្នាំ ក៏មានជួយឧបត្ថម្ភពីម្ចាស់ក្រុមហ៊ុនឯងជននានាផងដែរ តែការចូលរួមឧបត្ថម្ភនេះ មិនទាន់ផុលផុសនៅ ឡើយនោះទេ។ ពោលជារៀងរាល់ឆ្នាំ គេសង្កេតឃើញមានការចូលរួមឧបត្ថម្ភពីវិស័យឯកជនតិចតួចបំផុត បើធៀបជាមួយការប្រឡង ផ្នែកសិល្បៈ ដែលវាហាក់មិនឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ម្ចាស់ជ័យលាភីទាំងអស់នោះឡើយ។

តាមរយៈការអំពាវនាវរបស់ក្រសួងអប់រំនេះ គេរំពឹងថា អ្នកមានធនធានរបស់ខ្មែរ នឹងចូលរួមការឧបត្ថម្ភបានកាន់តែច្រើនកុះករ ដើម្បី ជាការផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ដល់យុវសិស្សខ្មែរ ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយការឧបត្ថម្ភរបស់សប្បុរសជន  ក៏នឹងក្លាយជាកម្លាំងចិត្តជំរុញឲ្យកុលបុត្រ កុលធីតាខ្មែរ ខិតខំប្រឹងប្រែងសិក្សាផងដែរ៕