(ភ្នំពេញ)៖ ត្រយងចង្កំក-ស គឺជាអំប្បូរសត្វស្លាបត្រយងមួយដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហម IUCN។ សត្វប្រភេទនេះមានដើមកំណើតនៅតំបន់មួយចំនួន នៃភូមិភាគអាស៊ីអាគ្នេយ៍។

ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះ បានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។ សព្វថ្ងៃនេះចំនួន ប្រជាសាស្ត្រសត្វត្រយងចង្កំក-ស ទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថា មានប្រមាណជាង ១០០០ក្បាប៉ុណ្ណោះ ដែលក្នុងនោះមានប្រមាណជាង៦៧០ក្បាល ជាសត្វពេញវ័យ។

មកដល់ពេលនេះ ប្រទេសកម្ពុជា បានផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំក-ស ដោយសារប្រទេសកម្ពុជាមានវត្តមានសត្វប្រភេទនេះច្រើនជាងគេនៅទូទាំងពិភពលោក។ សត្វត្រយងចង្កំក-ស ដែលរស់នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។ ទោះជាយ៉ាងណាក៏ដោយក៏មានកត្តាគំរាមកំហែងមួយចំនួនដូចជា៖ ការបាត់បង់ទីជម្រក ការកាប់ដើមឈើដែលពួកវាកាច់សម្បុកនិងទ្រនំ ការបំពុលប្រភពទឹក និងការរំខានដោយសកម្មភាពមនុស្ស។

ក្រសួងបរិស្ថាន បាននឹងកំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វត្រយងកម្ពុជា ដោយបានចាប់ផ្តើមធ្វើជំរឿនសត្វត្រយងចង្កំកសជារៀងរាល់ឆ្នាំនៅទីតាំងសំខាន់ៗចំនួនបួនចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ លទ្ធផលជំរឿនដំបូង មានសត្វត្រយងចង្កំក-ស ចំនួន ៣១០ក្បាលប៉ុណ្ណោះ។

តាមរយៈការធ្វើជំរឿនបួនឆ្នាំបន្ទាប់ទៀត ចំនួនសត្វនេះបានកើនឡើងដល់៩៧៣ក្បាល ក្នុងឆ្នាំ២០១៣។ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ មកតិចជាង៥០០ក្បាល ក្នុងកំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។

នៅឆ្នាំ២០២១ ក្រសួងបរិស្ថាន និងអង្គការដៃគូរួមមាន៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) និងក្រុមហ៊ុន Rising Phoenix បានសហការគ្នាក្នុងការធ្វើជំរឿងសត្វត្រយងចង្កំក-ស នៅតំបន់សំខាន់ៗទូទាំងប្រទេសកម្ពុជា ដោយបានធ្វើជំរឿន ចំនួនបួនខែ ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងរដូវវស្សាដែលទទួលបានលទ្ធផលចំនួនដល់ទៅ ៧៥៤ក្បាល នៅខែសីហា។ នេះគឺជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើងបន្តិចម្តងៗនៃចំនួនប្រភេទសត្វដែលជិតផុតពូជមួយនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធដែលសហការ និងចូលរួមការងារអភិរក្សសត្វស្លាបប្រភេទនេះ។

គួរបញ្ជាក់ផងដែរថា តាមរយៈលទ្ធផលជំរឿនខាងលើ ដែនជម្រកសត្វព្រៃសៀមប៉ាងជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្រយងចង្កំកស ដោយកត់ត្រាបានចំនួនសរុប ៣៧៣ក្បាល។ ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ ជាទីតាំងសំខាន់បន្ទាប់ដោយកត់ត្រាបានចំនួន២៥២ក្បាល។ ដោយឡែកនៅដែនជម្រកសត្វព្រៃផ្សេងទៀតបានបង្ហាញពីលទ្ធផលកើនឡើងផងដែរ។

បើតាមលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានថ្លែងថា៖ «ក្រោយកម្ពុជាមានសុខសន្តិភាពពេញលេញ យើងមានឱកាស និងលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ក្នុង កិច្ចការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ ស្ថានភាពនៃការអភិរក្សធនធនធម្មជាតិមានភាពប្រសើរឡើង ហើយការកើនឡើងនូវវត្តមានប្រភេទសត្វត្រយងចង្កំក-ស និងសត្វមួយចំនួនទៀតដែលជាប្រភេទសត្វកម្រ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការដៃគូដែលចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ក្នុងការការពារ និងអភិរក្សជីវៈចម្រុះដែលកម្ពុជា នៅសល់ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងនាមក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះដៃគូទាំងអស់ ក្នុងកិច្ចការពារត្រយងចង្កំកស និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងអភិរក្សសត្វកម្រទាំងនោះ ព្រោះវាមានតម្លៃមហាសាលសម្រាប់ជីវៈចម្រុះ និងការអភិរក្សជាសកល និងមានតម្លៃសម្រាប់ទេសចរណ៍ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ និងចំណូលជូនសហគមន៍ និងសេដ្ឋកិច្ចជាតិ»

លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF-កម្ពុជា បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមស្វាគមន៍ និងអបអរសាទរចំពោះភាពជាដៃគូសម្រាប់លទ្ធផលជំរឿនទូទាំងប្រទេសឆ្នាំ២០២១ ដែល លទ្ធផលនេះបង្ហាញពីជំហានវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងបរិស្ថាន និងដៃគូទាំងអស់ក្នុងការការពារសត្វត្រយងចង្កំក-ស និងក្នុងការបញ្ច្រាសការធ្លាក់ចុះនៃប្រភេទសត្វដែលជិតផុតពូជនេះនាពេលអនាគត»

លោកបន្ថែមទៀតថា «ក្នុងនាមជាសមាជិកនៃអង្គការដៃគូ WWF នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយតួអង្គទាំងអស់ដែលពាក់ព័ន្ធដើម្បីគាំទ្រដល់ជំរឿនថ្នាក់ជាតិ និងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រភេទសត្វនេះ និងបន្តចូលរួមយ៉ាងសកម្មជាមួយសហគមន៍មូលដ្ឋាននៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ ក្នុងការការ ពារសត្វស្លាបដ៏កម្រនេះ ព្រមទាំងការពារសម្បុករបស់វាដែលមាននៅក្នុងទីជម្រកធម្មជាតិ»