(ភ្នំពេញ)៖ ប្រជាកសិករនៅតែចូលចិត្ត ប្រើវិធីសាស្រ្ដទៅយកជីថ្នាំកសិកម្ម ឬសម្ភារៈផ្សេងៗ ពីម្ចាស់ដេប៉ូ ឬឈ្មួញ ហើយនៅពេលប្រមូលផលបាន ទើបយកលុយទៅសងថ្លៃជីថ្នាំកសិកម្មវិញ ជាជាងការប្រើប្រាស់ប្រាក់កម្ចី ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីទិញជីថ្នាំកសិកម្ម។ នេះបើតាមការបញ្ជាក់របស់លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា។

លោកបានឲ្យដឹងថា «តាមស្ថានភាពជាក់ស្ដែងប្រជាពលរដ្ឋ ប្រជាកសិករប្រកបរបរកសិកម្ម បានប្រើប្រាស់វិធីសាស្រ្ដមួយនេះ ដោយសារតែពួកគាត់មិនបានត្រៀមខ្លួនទាន់ពេលវេលា ពេលរដូវធ្វើកសិកម្មមកដល់ ធ្វើឲ្យពួកគាត់ឆកល្វែងស្រវានេះស្រវានោះ និងមានតម្រូវការច្រើនលើ ជី ថ្នាំ និងសំភារៈផ្សេងៗ ដើម្បីប្រកបកសិកម្មនេះ ដូច្នេះពួកគាត់ធ្វើការជាមួយនឹងម្ចាស់ដេប៉ូ មានភាពងាយស្រួល លឿន ប៉ុន្ដែពួកគាត់មិនបានគិតថា ភាពងាយស្រួលទាំងនេះ ធ្វើឲ្យថ្លៃដើមកាន់តែខ្ពស់នោះទេ»

លោកបានបន្ដថា «យើងបានណែនាំប្រជាកសិករ ឲ្យប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ ប៉ុន្ដែពួកគាត់បានប្រាប់មកវិញថា ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ផ្ដល់ផលពិបាក, ចំណាយពេលច្រើន, ត្រូវការឯកសារច្រើន សិក្សារយៈពេលយូរ ហើយមិនអាចដឹងមុនថា យើងអាចមានលក្ខខណ្ឌទទួលកម្ចីបាន ឬមិនបានផង តែបើតាមដេប៉ូផ្សេងៗ គឺធានាថាបាន និងមិនចំណាយពេលច្រើន»

លោកបានញ្ជាក់ថា ដើម្បីដោះសា្រយបញ្ហាទាំងនេះ គឺមានតែចុះអប់រំពន្យល់ណែនាំ ដល់ប្រជាពលរដ្ឋពីអត្ថប្រយោជន៍ ដែលទទួលបាននៅពេលប្រើប្រាស់កម្ចី ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសហគមន៍កសិកម្មកម្ពុជា បានសហការគ្នាក្នុងការបញ្ច្រាបចំណេះដឹង ដល់ប្រជាកសិករធ្វើយ៉ាងណាឲ្យពួកគាត់ ចេះប្រើប្រាស់កម្ចី និងប្រើប្រាស់ចំគោលដៅ។

លោក រុំ រដ្ឋា នាយកពាណិជ្ជកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត បានបញ្ជាក់ថា ជាការពិតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត បានដឹង និងយល់អំពីកត្តាប្រឈមទាំងនេះ ក្នុងនោះបានជួយច្រើនដល់ប្រជាកសិករ ដោយបានពន្យល់ណែនាំឲ្យយល់ដឹងពី ការប្រើប្រាស់ប្រាក់កម្ចីពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ប៉ុន្ដែប្រជាកសិករភាគច្រើន ពេលដែលនឹងចង់ធ្វើគម្រោងធំអ្វីមួយ នឹងប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែពេលត្រូវការទិញជី, ថ្នាំ ឬសំភារៈផ្សេងៗ បែរជាទៅរកម្ចាស់ដេប៉ូវិញ កត្តាទាំងនេះជាចំណុចដែលត្រូវគិតទាំងអស់គ្នា និងរិះរកដំណោះស្រាយ៕