(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញបិទវគ្គបណ្ដុះ បណ្ដាលការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពនៅកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ LBN ក្រុងកំពង់ចាម។

លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងថា គោលបំណងរួមនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹង ប្រព័ន្ធសុខាភិបាល ដើម្បីបង្កើតបរិយាកាសផ្ដល់សេវាសុខភាពប្រកបដោយគុណភាព និងសមធម៌ សំដៅលើកកម្ពស់ សុខភាព និងសុខមាភាពរបស់ជនទេសន្ដរប្រវេសន៍គ្រប់រូប និងគ្រប់វ័យ។

លោកស្រី បានបន្ដទៀតថា សិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំ មកពីអន្តរក្រសួងស្ថាប័នអង្គការដៃគូរពាក់ព័ន្ធ ដែលមកពីបណ្ដាមានដូចជា៖ ក្រសួងសុខាភិបាលក្រសួងមហាផ្ទៃ N.C.C.T ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក លោកស្រី មកពីតំណាងមន្ទីរសុខាភិបាលខេត្តទាំង៦ រួមមាន៖ ខេត្ដស្ទឹងត្រែង, ក្រចេះ ព្រះសីហនុ, តាកែវ, ស្វាយរៀង និងខេត្តកំពង់ចាម និងតំណាងអង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍នៅកម្ពុជា (IOM)៕