(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីមន្រ្តីនគរបាល ជាអតីតស្នងការរងខេត្តកំពង់ធំ ចំពោះការខ្វះខាតលើជីវភាព និងគ្មានផ្ទះសម្បែងស្នាក់នៅនោះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានសម្រេចផ្តល់បន្ទប់ស្នាក់នៅ នឹងកន្លែងធ្វើការតែម្តង ហើយនឹងតាមជួយមើលការខុសត្រូវ លើជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ផងដែរ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា សម្រាប់មន្រ្តីនគរបាលទូទាំងប្រទេសទាំងឡាយណា ដែលជួបការលំបាក់ និងមានទុក្ខធុរះនោះ គឺនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ តែងតែជួយជាប្រចាំ ហើយសម្រាប់មន្រ្តីនគរបាលរូបនេះ កន្លងទៅក៏បានចូលរួមជួយដោះស្រាយ នូវទុក្ខលំបាកផងដែរ ប៉ុន្តែក្រោយមានការលើកឡើងនេះទៀត អគ្គស្នងការបានចាត់ឲ្យក្រុមការងារ បង្កើនការដោះស្រាយជីវភាព កាន់តែខ្លាំងឡើងជូនគាត់ មិនឲ្យជួបបញ្ហានោះទេ។
លោក សាន សន បានប្រាប់ Fresh News នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះថា ក្រោយទទួលចេញផ្សាយព័ត៌មាននេះភ្លាម ប្រធាននាយកដ្ឋាន និងនាយការិយាល័យរបស់លោកបានទូរស័ព្ទឲ្យឡើងមកភ្នំពេញ ដើម្បីជួបនៅព្រឹកថ្ងៃទី២០ ខែមេសា ស្អែកនេះ ចំពោះកត្តាជីវភាពរបស់លោក។ លោកសាន សន ខណៈកំពុងជិះម៉ូតូម៉ាក វីវ៉ាតែម្នាក់ឯងដល់ស្គន់ (ម៉ោង៩៖២៥នាទី) ឆ្ពោះមកភ្នំពេញ ដើម្បីទៅជួបមេនៅព្រឹកស្អែកនេះ បាននិយាយថា បច្ចុប្បន្នលោកបម្រើការងារ នៅនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ហើយរាល់ថ្ងៃស្នាក់នៅបន្ទាយ នៅឯទួលក្រសាំង សង្កាត់ចោមចៅ។
លោកបន្តថា ចាប់ពីឆ្នាំ២០០៤ រហូតឆ្នាំ២០០៩ លោកគឺជាស្នងការរងនគរបាលខេត្តកំពង់ធំ ទទួលផែនសណ្តាប់ធ្នាប់ ហើយក្រោយពីត្រឡប់មកពីរៀន នៅវៀតណាមវិញនាឆ្នាំ២០០៩នោះ ក៏ត្រូវបានថ្នាក់លើដកយកទៅបម្រើការងារ នៅនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រោះអគ្គិភ័យ ដោយមិនដឹងមូលហេតុថាលោកខុសអីរហូតមកដល់ពេលនេះ។
សម្រាប់ជីវភាព និងស្ថានភាពគ្រួសារវិញ អតីតស្នងការរងខេត្តកំពង់ធំរូបនេះ បានរៀបរាប់ថា បច្ចុប្បន្នលោកមានកូន៩នាក់ ហើយកូន៣នាក់ទៅធ្វើការនៅប្រទេសថៃ ៣នាក់ធ្វើការជាកម្មករនៅភ្នំពេញ និង៣នាក់ទៀតនៅតូចៗ រស់នៅជាមួយម្តាយក្មេករបស់លោក នាស្រុកកំណើត ក្រោយពីប្រពន្ធរបស់លោកបានស្លាប់ចោល តាំងពីឆ្នាំ២០០៧មកនោះ។
នៅថ្ងៃមិញជួបជាមួយភ្នាក់ងារ Fresh News លោក សាន សន ជាអតីតស្នងការរងនគរបាលខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងទាំងសំឡេងអួលដើម.ក ថា កាលឆ្នាំ១៩៧៩ លោកចូលបំរើក្នុងវិស័យកងទ័ព លុះដល់ឆ្នាំ១៩៩៣ លោកបានកាត់ចូលជាមន្ត្រីនគរបាល រហូតមកដល់ឆ្នាំ២០០៤ បានទទួលឋានៈជាស្នងការង ពាក់ស័ក្តិ៤កន្លះ នៅខេត្តកំពង់ធំ ក្រោយមកថ្នាក់លើបាន ដកលោកទៅបំរើការងារនៅក្រសួងមហាផ្ទៃ ជាមន្រ្តីដោយគ្មានតួនាទី ខាងផ្នែកពន្លត់អគ្គិភ័យរហូតមកដល់ពេលនេះ៕