(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាថ្មីម្ដងទៀត បានបញ្ជាក់អំពីតួអង្គសំខាន់ចំនួន៤ ដែលត្រូវធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ តួអង្គសំខាន់ ចំនួន៤នោះរួមមាន៖ មេឃុំ ចៅសង្កាត់, មេប៉ុស្ដិ៍នគរបាលរដ្ឋបាល, ស្មៀន និងមេភូមិ។

ការបញ្ជាក់ជាថ្មីរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង តួអង្គទាំងនេះ គឺជាអ្នកនៅក្បែរប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធផ្ទាល់ទៅនឹងការបំរើសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ ហើយសម្ដេចបានលើកឡើងពីការងារ កំណែទម្រង់នគរបាល ក្នុងនោះក៏មានប៉ុស្តិ៍រដ្ឋបាលផងដែរ។

សម្ដេចក្រឡាហោម បានបន្ថែមថា នៅកម្ពុជា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខបានខិតខំដាក់ចេញ វិធានការនានាប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងរួមគ្នាអនុវត្តវិធានការការពារខ្លួន ដូចជាវិធានការ «៣កុំ ៣ការពារ»។

សម្ដេចក្រឡាហោម ស ខេង បន្ដទៀតថា បច្ចុប្បន្ននេះកម្ពុជាបានអនុវត្តការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានក្នុងវិស័យ សុខាភិបាល ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញវិធានការនានា ក្នុងនោះក៏មាន វិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ផងដែរ។

បន្ថែមពីនេះទៀត ដើម្បីឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់ នៃអត្រាសិស្សដ៏ច្រើននៅក្នុងវិទ្យាល័យនេះ សម្ដេចក្រឡាហោម បានប្រកាសសន្យាសាងសង់អគារសិក្សាបន្ថែមទៀត ដោយបានណែនាំលោក ខាន់ ម៉ាណេរ និងលោក សុខ លូសិក្សាប្លង់ ដើម្បីឈានទៅចាប់ផ្ដើមការសាងសង់បន្ទាប់ពីអគារដែលបញ្ចុះបឋមសិលានៅថ្ងៃនេះ បានសាងសង់រួចរាល់។

សូមបញ្ជាក់ថា វិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងត្រូវបានបង្កើតឡើងកាលពីអំឡុង ឆ្នាំ១៩៤០។ អគារ សិក្សាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ដែលបញ្ចុះបឋម សិលាសាសង់នា ពេលនេះមានចំនួន១ខ្នង កម្ពស់៤ជាន់ ស្មើ៣០បន្ទប់ចំណាយថវិកាសាងសង់អស់ប្រមាណ៨០ម៉ឺនដុល្លារ៕