(ភ្នំពេញ)៖ លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីបង្ខិតសេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋស្របតាមគំនិតផ្តួចផ្តើមរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការផ្តល់សេវាសាធារណៈ និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សំដៅជំរុញការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគ្មានការចំណាយក្រៅផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើ កដំណើរការមណ្ឌលផ្តល់សេវាសាធារណៈថ្មីមួយទៀត នៅក្រុងព្រះសីហនុ នាដើមឆ្នាំ២០២២ខាងមុខនេះ។

លោក ឈួន វ៉ន់ បានលើកឡើងដូចនេះនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យមជ្ឈមណ្ឌលផ្តល់សេវាសាធារណៈដឹកជញ្ជូន ផ្លូវគោក ដោយមានការចូលរួមពីលោក ទេស តារារ័ត្ន ប្រធានមណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ នៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណ: និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធពីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទ។

លោក ឈួន វ៉ន់ បានបញ្ជាក់ដូចនេះថា «មណ្ឌលផ្តល់សេវាសាធារណៈបានចាប់ផ្តើមពង្រីកតាមបណ្តាខេត្ត ដែលបានចាប់ផ្តើមនៅខេត្តសៀមរាបមុនគេ ហើយបន្ទាប់មកគ្រោងបើកនៅខេត្តព្រះសីហនុ គឺនៅក្នុងដើមឆ្នាំក្រោយ យើងធ្វើមិចព្យាយាមបើកឱ្យបាននៅខេត្តព្រះសីហនុ ហើយយើងនឹងព្យាយាមពង្រីកទៅខេត្តកំពង់ចាម បាត់ដំបង និងខេត្តផ្សេងៗទៀត ដែលមានផ្សារទំនើប ដើម្បីផ្តល់លក្ខណៈងាយស្រួល»។

ជាមួយគ្នានោះលោក ឈួន វ៉ន់ ក៏បានលើកឡើងអំពីសារសំខាន់ នៃការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាសាធារណៈផ្សេងទៀត ដើម្បីគាំទ្រដល់ការផ្ដល់សេវាសា ធារណៈឱ្យស្របទៅនឹងបច្ចុប្បន្នភាពនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់៤.០ ឬហៅថា៖ ឌីជីថលភាវូបនីយកម្ម(Digitalization) និងគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជំនាន់ថ្មី(ទីពីរ) ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ ដោយប្រជាពលរដ្ឋមិនចាំបាច់បំពេញទម្រង់បែបបទ ដោយខ្លួនឯងទេ គ្រាន់តែយកកាតគ្រីទៅកាន់ធនាគារជាដៃគូ រួចវាយបញ្ចូលព័ត៌មាន ទិន្នន័យយានជំនិះ ហើយបង់ប្រាក់ និងកាន់វិក័យបត្រមករោងឆៀក អាចទទួលបាន សេវានោះតែម្តង។

សូមជម្រាបថា គិតមកដល់ពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតមណ្ឌលសេវាសាធារណៈបានចំនួន៥កន្លែងហើយ នៅផ្សារទំនើបអ៊ីនអន១ និងអ៊ីន អន២ ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល មណ្ឌលសេវាសាធារណៈនៅទីស្តីការក្រសួង និងមណ្ឌលមផ្តល់សេវាសាធារណៈនៅផ្សារទំនើបហេរីថេកវ៉ក ខេត្តសៀមរាប៕