(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការសួរនាំ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ស្តីពីទំនាក់ទំនងជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ជាក់សារជាថ្មីដល់សារធារណជន ឲ្យបានដឹងបន្ថែមទៀត ជៀសវាងមានការភ័ន្តច្រឡំ និងធ្វើការបកស្រាយខុសពីការពិត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើង ពីការទទួលពាក្យបណ្តឹងពីឈ្មោះ ស្រី ចំរើន ដែលបានចោទ ស្រី មុំ ថា បោកប្រាស់កុហសនៅចំពោះមុខសមត្ថកិច្ចនគរបាល មិនមែនជាសំឡេងរបស់ខ្លួន នៅក្នុងខ្សែអាត់ដែលត្រូវបានបែកធ្លាយនោះ។
ដើម្បីបញ្ជៀសការភ័ន្តច្រឡំនិងបកស្រាយខុសពីការពិតពាក់ព័ន្ធនឹងសំណុំរឿងមួយនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១៖ នៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ កញ្ញា ស្រី មុំ បានចូលឆ្លើយបំភ្លឺ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ យ៉ាងពិតប្រាកដ
ទី២៖ កញ្ញា ស្រី មុំ បានទទួលស្គាល់ថាពិតជាធ្លាប់មានទំនាក់ទំនងជាមួយលោក កឹម សុខា ហើយថា សំឡេងនៅក្នុងខ្សែអាត់នោះជាសំឡេងរបស់នាង និងលោក កឹម សុខា ប៉ុន្តែមូលហេតុដែលនាំឲ្យនាងបដិសេធកន្លងមក គឺដោយសារមានការណែនាំពីលោក កឹម សុខា
ទី៣៖ ទំនាក់ទំនងរវាង កញ្ញា ស្រី មុំ និងលោក កឹម សុខា គឺមានការរៀបចំពីបុគ្គលមួយចំនួន ដូច្នេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តសើុបអង្កេត និងស្រាវជ្រាវដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
តាមរយ:សេចក្តីថ្លែងការណ៌របស់ខ្លួនចេញទាំងយប់នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នឹងបន្តអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពមឺុងម៉ាត់ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ហើយនឹងបន្តផ្តល់ព័ត៌មានដល់សាធារណជនអំពីចំណាត់ការ និងការវិវត្តន៌នៃសំណុំរឿងនេះ។
សូមអាននូវសេចក្តីថ្លែង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខាងក្រោមនេះ៖