(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំណែនាំស្ដីពីការរៀបចំបិទបញ្ជី ថវិកាឆ្នាំ២០២១ និងផែនការថវិកា ឆ្នាំ២០២២ របស់ឃុំសង្កាត់ នៅសាលប្រជុំសាលាខេត្តអាគារA ក្រោមអធិបតីលោក មួង ប៉ាង អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត និងមានការអញ្ជើញចូលរួម លោកប្រធានមន្ទីរសេដ្ឋកិច្ច ប្រធានរតនាគារ និងក្រុមការងារ ក្រុង ស្រុកផងដែរ។
ក្នុងឱកាសបើកកិច្ចប្រជុំនេះដែរលោក មួង ប៉ាង អភិបាលរងខេត្ត បានថ្លែងថា រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ត្រូវគិតគូរ និងជំរុញនូវការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដែលមាននៅក្នុងមូលដ្ឋានរដ្ឋបាលរបស់ខ្លួន ដើម្បីធានាឲ្យបានថា គម្រោងដែលមាននៅក្នុងផែនការលទ្ធកម្មឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ការអនុវត្តទាន់ពេលវេលា ស្របតាមផែនការ ដែលបានកំណត់និងឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន និងស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ត្រូវជំរុញការប្រមូលចំណូលទាំងសារពើពន្ធ និងមិនមែនសារពើពន្ធ ដែលស្ថិតក្នុងដែនសមត្ថកិច្ចសាមី រៀបចំសលាកបត្របង់ចំណូលទៅរតនាគារខេត្ត។
លោក មួង ប៉ាង បានបន្តថា ម្យ៉ាងវិញទៀតក្រុងស្រុកឃុំសង្កាត់ និងមន្ទីរសុខាភិបាលក៏ជំរុញផងដែរនូវការស្នើសុំឧបត្ថម្ភតុល្យភាពថវិកាប្រចាំត្រីមាសទី៤ ការស្នើសុំធ្វើនិយ័តឥណទាន ថវិកាការទូទាត់សងរជ្ជទេយ្យបុរេប្រទាន និងការទូទាត់ប្រាក់រង្វាន់ជាដើម។
លោកក៏បានក្រើនរំលឹកដល់ក្រុងស្រុកឃុំសង្កាត់នៅមន្ទីរសុខាភិបាលខេត្ត មេត្តាជំរុញការរៀបចំតារាងប្រៀបធៀប កើនឡើងថយចុះ និងការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលពុំទាន់បានរៀបចំនិងធ្វើប្លង់កម្មសិទ្ធិ ដើម្បីធានាឲ្យមាន សុវត្ថិភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាមួយគ្នានេះលោអភិបាលរងខេត្ត បានកោតសរសើរដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ សុខាភិបាលខេត្ត ដែលជានិច្ចកាលតែងតែប្រឹងប្រែងក្នុងការអនុវត្តចំណូលចំណាយថវិកាឆ្នាំ២០២១ កន្លងមកប្រព្រឹត្ត ដោយរលូននិងទាន់ពេលវេលា បើទោះបីជាការលំបាកនិងយឺតយ៉ាវខ្លះក្ដី ក៏រដ្ឋបាលក្រុងស្រុកឃុំ សង្កាត់ និងមន្ទីរ សុខាភិបាល អាចបន្តអនុវត្តការងារចំណូលចំណាយរបស់ខ្លួនបានល្អប្រសើរ។
បន្ថែមពីនេះទៀត រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងមន្ទីរសុខាភិបាលត្រូវព្យាយាមស្វែងយល់បន្ថែម លើគោលការណ៍ ណែនាំការងារហិរញ្ញវត្ថុថ្មីៗ ដែលត្រូវអនុវត្តបណ្តើររៀនសូត្របណ្តើរដូចពាក្យស្លោកមួយឃ្លាពោលថា «ចុះទឹកបណ្ដើរ ស្ទាបថ្មបណ្តើរ»៕