(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំអ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយព័ត៌មាននយោបាយដល់ប្រជាពលរដ្ឋ ចៀសវាងការចាញ់បោកនូវព័ត៌មាននយោបាយមិនពិតនានា ដែលកើតចេញពីជនអគតិមួយចំនួនតូចបង្កអសន្តិសុខនយោបាយដល់កម្ពុជា។

ការណែនាំបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងលំដាប់លេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានពីថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅទីស្នាក់ការគណបក្សខេត្ត បន្ទាយមានជ័យ។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងសាទរ និងកោតសរសើរដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែង អនុវត្តន៍ផែនការងារដែលថ្នាក់លើបានដាក់ចុះសំដៅ បម្រើផលប្រយោជន៍ការពារបាននូវ សុខសន្តិភាព សណ្តាប់ធ្នាប់ សេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ ជៀសចាកផុតពីជំងឺរាតត្បាតកូវីដ១៩ និងបញ្ហានានាពិសេសបញ្ហាគ្រឿងញៀន។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តអនុវត្តន៍ការងារតាមផែនការដើម្បីចូលរួមថែរក្សាការពារសន្តិភាព សាមគ្គីភាពផ្ទៃក្នុងមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋាន ដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ ពិសេសរៀបចំផែនការវិធានការឱ្យបានល្អឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ បន្តការអភិវឌ្ឍមូលដ្ឋានបន្តរីកចម្រេីនទៅមុខបានឆាប់រហ័សទៅមុខ៕