(កំពង់ចាម)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាមានភាពខ្លាំងត្រង់ថាកម្ពុជាមិនមានទោសប្រហារជីវិត ជាសញ្ញាមួយដែល បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការធានាសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ដែលជាសិទ្ធិមូលដ្ឋានសំខាន់បំផុត។

ការលើកឡើងបែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅក្នុងឱកាសអបអរសាទរខួបលើកទី៧៣ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យ ជាសកលតាមកាលកំណត់ (UPR) ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។

សិក្ខាសាលានេះ ក៏បានចូលរួមពីសំណាក់លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមានការចូលរួមពីមន្ទីរស្ថាប័ននានា មន្ត្រីរាជការនៃគ្រប់មន្ទីរជុំវិញខេត្តកំពង់ចាម និងអភិបាលស្រុកមួយចំនួនផងដែរ។

លោក កែវ រ៉េមី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំមកនូវសុខសន្តិភាព ហើយតែងតែយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនីតិរដ្ឋ និងការអភិវឌ្ឍ លើគ្រប់វិស័យ។ ការរំដោះប្រជាពលរដ្ឋពីរបបខ្មែរក្រហម និងការបញ្ចប់សង្រ្គាមទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះ គឺជាការធានានូវសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិជាមូលដ្ឋានសំខាន់បំផុតរបស់មនុស្សគ្រប់រូប។

ជាមួយគ្នានេះប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា លើសពីនេះប្រទេសកម្ពុជា មានភាពខ្លាំងត្រង់ថាប្រទេសកម្ពុជា មិនមានទោសប្រហារជីវិតទេនេះ ជាសញ្ញាមួយដែលបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធានានូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ដែលជាសិទ្ធិមូលដ្ឋានសំខាន់បំផុត។

បន្ថែមទៀតកម្ពុជា បានទទួលយកលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ ហើយ ក្នុងនោះគណៈកម្មាធិការសិទ្ធិមនុស្ស ទទួលបន្ទុកសរសេររបាយការណ៍ជាតិឆ្លើយតបទៅនឹងកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៥ ហើយក៏ត្រូវការពាររបាយការណ៍ទាំងនោះនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

បន្ថែមពីនេះលោក កែវ រ៉េមី បានបញ្ជាក់ថា ស្ថានទូតបរទេសមួយចំនួន បានកោតសរសើរចំពោះវិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដ១៩ ដែលបានគិតគូរបានម៉ត់ចត់ រហូតទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក ជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុត។

លោកក៏បានស្នើសុំឱ្យកងកម្លាំងសមត្ថកិច្ច បន្តចូលរួមបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក្នុងការពារនិងលើកកម្ពស់សិទ្ធិមនុស្ស និងសូមមេត្តាកុំប្រើហិង្សាក្នុងការអនុវត្តតួនាទីភារកិច្ច។ លោកបានផ្តាំផ្ញើដល់សិក្ខាកាមយកចិត្តទុក ដាក់តាមដានស្តាប់ ចូលរួមយោបល់និងអាចលើកជាសំណួរ ក្នុងប្រធានបទនីមួយៗ ដើម្បីទទួលបាននូវចំណេះដឹងល្អៗ ក្នុងវិស័យសិទ្ធិមនុស្ស ព្រមទាំងកុំឱ្យភ្លេចវិធានការ «៣កុំ និង៣ការពារ»។

បើតាមលោក អ៊ុន ចាន់ដា បានឱ្យដឹងថា ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ ទាំងផ្នែកស្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គម បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានាដូចជា៖ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត អគ្គីសនី ទឹកស្អាត។ល។

លោកបានបន្ថែមថា ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់រូប (មិនថាបុរស ឬស្ត្រី) នោះឡើយ។ កិច្ចការទាំងនេះអាចប្រព្រឹត្តិទៅបាន គឺអាស្រ័យលើកត្តាសន្តិភាព៕