(ស្ទឹងត្រែង)៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន, លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាផ្លូវលំជនបទ១ខ្សែ ដែលមានប្រវែង១៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ (ស្ទឹងត្រែង-ព្រះវិហារ) ដល់ភូមិជាំធំ ឃុំខ្សាច់ថ្មី ស្រុកថាឡាបរិវ៉ាត់ ដែលគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងឱកាសចុះត្រួតពិនិត្យ លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា នេះជាសមិទ្ធផលដល់សំខាន់មួយទៀតហើយ ដែលស្រុកថាឡាបរិវ៉ាត ក៏ដូចខេត្តស្ទឹងត្រែង ទទួលបានជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំ កសិផលរបស់ពួកគាត់។

លោកអភិបាលខេត្ត បានលើកឡើងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវគឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងនេះពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើ ចរាចរណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួល ទៅមកសាលារៀនផងដែល។

ក្នុងឱកាសនោះលោក ស្វាយ សំអ៊ាង បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវខិតខំប្រឹងប្រែងក្នុងការស្ថាបនាឱ្យបានលឿននិងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ និងតាមស្តង់ដារបទដ្ឋាន និងសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ ត្រូវចេះថែរក្សា ដើម្បីឱ្យផ្លូវមួយនេះបានគង់វង្ស និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរបានយូរអង្វែង៕