(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយសាខាកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត និងជនងាយរងគ្រោះ៤៥គ្រួសារ មកពីចំនួន៣ភូមិ ក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

ពិធីចែកអំណោយនេះ ដោយមានការចូលរួមពីសំណាក់សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គណៈកម្មាធិការសាខាកាកបាទក្រហមស្រុក និងលោកលោកស្រីប្រធានមន្ទី ពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ធ្វើឡើងស្ថិតនៅក្នុងទីធ្លាសាលារៀនចំការលើ ភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក ស្វាយ សំអ៊ាង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូខ្វាយខ្វល់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋានគ្រប់ទីកន្លែង។

លោក ស្វាយ សំអ៊ាង បានបន្តថា គ្រប់ពេលប្រជាពលរដ្ឋមានទុក្ខលំបាករាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន មិនដែលទុក្ខចោលប្រជាពលរដ្ឋឱ្យទទួល រងផលប៉ះពាល់ពីអ្វីមួយដោយមិនធ្វើការដោះស្រាយនោះឡើយ ហើយរាជរដ្ឋាភិបាលតែងស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋឱ្យរួចផុតបីទុក្ខលំបាក និងការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកបន្ថែមថា តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព រីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធសេរីភាពគ្រប់បែបយ៉ាង ជំនឿសាសនា និងការប្រកបមុខរបរផ្សេងៗបានគ្រប់បែបយ៉ាង។
លោក ស្វាយ សំអ៊ាង ក៏បានអំពាវនាវ និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ច គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ «៣ការពារ និង៣កុំ» និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង៤៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្គរ២៥គីឡូ មុង១ ភួយ១ ក្រម៉ា១ សារ៉ុងមួយ មី១កេស ត្រីខ១យួរ និងអាវរងារម្នាក់១ផងដែរ។ ក្នុងនោះ សិស្ស១០០នាក់ ទទួលបានអាវសរ សម្រាប់សិក្សាក្នុងម្នាក់ៗ១អាវ ដែលជាអំណាយផ្ទាល់របស់លោកផងដែរ៕