(កំពង់ស្ពឺ)៖ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោក សុខ ភា ជាអភិបាលរងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បន្ទាប់ពីលោកវីុសំណាងអភិបាលខេត្តកំពង់ស្ពឺ បានអានរបាយការណ៏ស្វាគមន៏ ពីសកម្មភាពការងារកន្លងមកជូនគណៈអធិបតីរួចមក លោកសុខភាបានធ្វើការប្តេជ្ញាចិត្ត ថានឹងបំពេញការងារ ដែលថ្នាក់លើប្រគល់ជូនអោយបានសំរេចល្អប្រសើរ និងសំរេចបានគ្រប់ភារកិច្ច។
ក្នុងនោះលោកប្តេជ្ញាគោរពអោយបានដាច់ខាតនូវរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា។ ខិតខំបំពេញការងារអោយអស់ពីសមត្ថភាពនិងកម្លាំងកាយចិត្តដើម្បីបំរើជាតិមាតុភូមិ និងប្រជាជន ជាពិសេសក្នុងការថែរក្សាសន្តិភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ការកសាងសមត្ថភាពមន្ត្រី ការធ្វើអោយប្រសើរឡើងនូវសេវាសាធារណៈ ការអភិវឌ្ឈសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ ការទាក់ទាញអ្នកវិនិយោគដើម្បីបង្កើនការងារ ជូនប្រជាពលរដ្ឋនិងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថាលោកសុខភាឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ និងជាអតីតអគ្គលេខាធិការរងអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបាផ្តល់សេចក្តីទុកចិត្តតែងតាំង ជាអភិបាលរងខេត្តកំពង់ស្ពឺ ក្នុងការបំរើប្រជាពលរដ្ឋ ស្របទៅតាមយុទ្ទសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕