(ព្រៃវែង)៖ ដីព្រែកទប់ ដែលមានទទឹងជាង១០ម៉ែត្រ បណ្តោយជាង៣០០ម៉ែត្រ កំពុងត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ ចាក់ដីលុប និងបុកគ្រឹះធ្វើផ្ទះវីឡាយ៉ាងរឹងមាំ ធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះ នាំគ្នានឹកឆ្ងល់ជាខ្លាំង ហេតុអ្វីអាជ្ញាធរបណ្តោយឱ្យគេរំលោភយកដីសាធារណៈរបស់រដ្ឋបានយ៉ាងងាយស្រួលបែបនេះ។

ដីព្រែកទប់ ដែលកំពុងត្រូវបានគេរំលោភយកនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣១០ ទល់មុខមណ្ឌលសុខភាពព្រែកក្របៅ ស្ថិតក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។

ពលរដ្ឋនៅក្បែទីតាំងនោះ បានប្រាប់ឱ្យដឹងថា ដីព្រែកទប់នេះកាលពីជាង២ឆ្នាំមុន ត្រូវបានអាជ្ញាធរស្រុក ប្រគល់មួយកំណាត់ខាងលិចផ្លូវជាតិលេខ៣១០ ទៅឱ្យមន្ទីរសុខាភិបាល សាងសង់មណ្ឌលសុខភាពព្រែកក្របៅ ចំណែកមួយកំណាត់ខាងកើតផ្លូវ នៅរក្សាជាដីរដ្ឋនៅឡើយ ប៉ុន្តែនៅពេលគេចាប់ផ្តើមធ្វើមណ្ឌលសុខភាព ស្រាប់តែប្រជាពលរដ្ឋមួយគ្រួសារ ដែលនៅខាងកើតផ្លូវជាប់ព្រែកនេះ បានធ្វើរបងចាក់ដីពទ្ធ័យកដីព្រែកនេះតែម្តង ហើយភ្លាមៗនោះអាជ្ញាធរឃុំស្រុក បានចុះមកហាមឃាត់ និងរក្សាដីនេះទុកជាសម្បត្តិរដ្ឋដដែល រហូតដល់បច្ចុប្បន្ន។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែឃើញគ្រួសារដដែលនេះ បានបន្តសកម្មភាពរំលោភយកដីព្រែកទប់នេះម្តងទៀត ដោយបានហៅជាងចាក់សសរបេតុងធំៗជាច្រើនដើមចូលព្រែក លើកគ្រោងចេញជាផ្ទះវីឡាយ៉ាងស្កឹមស្កៃតែម្តង។

លោក ញ៉ែម ណេត មេឃុំព្រែកក្របៅ បានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ថា សម្រាប់ដីប្រជាពលរដ្ឋដែលសង់រំលោភចំណីព្រែកនេះ អាជ្ញាធរស្រុករួមនឹងឃុំបានចុះវាស់វែងធ្វើកិច្ចសន្យា មិនឱ្យសង់រំលោភលើដីចំណីព្រែកតទៅទៀតនោះទេ។ ក្នុងនោះក៏បានរកឃើញរំលោភចូលដីចំណីព្រែកចំនួន ៧ម៉ែត្រ ហើយគណៈកម្មការបានចុះកាត់ចេញចំនួន ៥ម៉ែត្រ សល់ទី២ម៉ែត្រទៀត ជាប់របងមិនកាត់ចេញនោះទេ។

ដោយឡែកលោក សេង ធា អភិបាលស្រុកពាមជរ បានឱ្យដឹងតាមទូរស័ព្ទថា «ដីដែលកំពុងសាងសង់នេះម្ចាស់ផ្ទះមិនបានយកទេដោយធ្វើចូលតែចំនួនពីរតឹក ហើយឃុំបានឱ្យគេចំនួន២ម៉ែត្រ នៅសល់ប៉ុន្មាន ឆ្នាំក្រោយនឹងវាស់ ជាលក្ខណៈ ជាប្រព័ន្ធឱ្យប្រជាពលរដ្ឋទាំងអស់ព្រោះពួកគាត់ទន្ទ្រានយកចង់អស់ហើយ ដោយសារដីខ្លះក្បាល និងកន្ទុយគេលុបចង់អស់ហើយ ការទន្ទ្រានយកដីពីពលរដ្ឋនេះដែរ នាំឱ្យអាជ្ញាធរពិបាកដោះស្រាយ ដោយសារតែលោកទើបតែធ្វើអភិបាលស្រុកបាន២ឆ្នាំ ចំណែកអ្នកយកដីព្រែកនោះមានរយៈពេល១០ឆ្នាំមុនមកហើយ។ ដោយសារព្រែកខ្លះមានក្បាលអត់កន្ទុយ មានកន្ទុយអត់ក្បាលដូច្នេះយើងរក្សាតែទុក នៅព្រែកធំៗដែលមានក្នុងគម្រោងរបស់ថ្នាក់ជាតិក្នុងការអភិរក្សតែប៉ុណ្ណោះ»។

ទោះបីយ៉ាងណា ប្រជាពលរដ្ឋនៅស្រុកពាមជរ មួយចំនួនចង់ឃើញអភិបាលស្រុកពាមជរ មានវិធានការទប់ស្កាត់ការទន្ទ្រានយកដីរបស់រដ្ឋឱ្យមានប្រសិទ្ធភាព ព្រោះបើនៅតែបណ្ដែតបណ្ដោយឱ្យពលរដ្ឋមួយចំនួន យកដីរដ្ឋធ្វើជាកម្មសិទ្ធិនោះថ្ងៃក្រោយបាត់ព្រែក បាត់បឹង ជាក់ជាពុំខានឡើយ៕