(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យ២កន្លែង បានកើតឡើងស្ទើរតែព្រមៗគ្នា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងនោះ បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋសរុបជិត១០០ខ្នង ខណៈប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់ទឹកអស់ជិត២០០ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះគ្រោះអគ្គិភ័យលើកទី១ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ប្រមាណ៨០ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវរថភ្លេីង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មូលហេតុមកពីឆ្លងចរន្ដអគ្គិសនី។

នាយការិយាល័យជំនាញរូបនេះ បានអះអាងទៀតថា សម្រាប់ករណីទី២ បានឆេះបំផ្លាញអស់ផ្ទះ ចំនួន១៧ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ដែលស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ហើយមូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីដូចគ្នា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន៤៨គ្រឿង ប្រើប្រាស់ទឹកអស់៩៨ឡាន។

ក្នុងនោះក៏មានរថយន្ដជំនួយផងដែរ រួមមាន៖

*រថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន
*រថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៤គ្រឿង
*រថយន្តពន្លត់អគ្គិភ័យ OCIC ទីក្រុងជ្រោយចង្វារ ចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ ២៧ឡាន
*រថយន្តពន្លត់អគ្គិភ័យ OCIC ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៩ឡាន
*រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យា ចំនួន៦គ្រឿង
*រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន
*រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន Ganzberg ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន
*រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន
*អូប័រការិយាល័យនគរបាលចរាចរណ៍ជើងទឹកចំនួន២គ្រឿង និងទូកម៉ាស៉ីនបូមទឹកសាលាសង្កាត់ច្រាំងចំរេះទី២ ចំនួន១គ្រឿង៕