(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋសារជាថ្មីត្រូវរៀនរស់នៅ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវរួមគ្នាធ្វើអនាម័យឱ្យបានគ្រប់គ្នាអនុវត្ដនូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនបើទោះបីជាស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងអ្នកស្លាប់ នៅក្នុងប្រទេសមានការថយចុះយ៉ាងណាក៏ដោយ។

ការថ្លែងអំពាវនាវរបស់លោក រស់ ផារិទ្ធ បែបនេះបានធ្វើឡើងក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋនាំសម្ភារ និងថវិកាមួយចំនួនទៅចែកជូនដល់ក្រុមគ្រួសារចាស់ជរា និងមានជីវភាពខ្វះខាត ចំនួន៤០គ្រួសារ នៅក្នុងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា ថ្ងៃនេះលោកបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាមនុស្សចាស់នារដូវរងារចូលមកដល់ នៅឃុំពងទឹក ដោយអនុវត្តតាមអនុប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានជំរុញដល់អាជ្ញាធរ សូមមេត្តាយកចិត្តទុកដាក់ជួយមនុស្សចាស់ក្នុងរដូវរងារ ត្រូវបង្កលក្ខណៈឱ្យពួកគាត់មានភាពកក់ក្ដៅ តាមរយៈនៃការផ្ដល់ជាភួយ ជាមុង នៅក្នុងគ្រាដែលលំបាកនេះ។

លោក រស់ ផារិទ្ធ បានបន្តថា សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងសហគមន៍ ហើយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូន ប្រជាពលរដ្ឋរដ្ឋដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះរដូវនេះ គឺជារដូវរំហើយអាកាសធាតុបានចុះត្រជាក់ខ្លាំង ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ជៀសវាងនាំឱ្យឈឺខាតបង់ថវិកា និងពេលវេលាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះលោក រស់ ផារិទ្ធ ក៏បាននាំមកនូវអំណោយដូចជាក្រមា ភួយ អាវរងារ ម៉ាស់ និងថវិកា ចំនួន១មុឺនរៀល ចំណាយទាំងអស់នៅក្នុងពិធីអស់ ៣,២០០,០០០រៀងផងដែរ។