(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីផ្ដល់ភ្លើងបូជាសព លោក ចាន់ រ៉ាស៊ី រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម និងជាអតីតអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា និងមានការអញ្ជើញ ចូលរួម ពីលោក ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ព្រមទាំងសាច់ញាតិ ក្រុមគ្រួសារ នៃសព ជាច្រើនរូប។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោករដ្ឋលេខាធិការ និងអញ្ជើញជួបសុន្ទនាជាមួយលោកស្រី ឯក ឆវីវណ្ណា ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះមរណភាពនេះ។

មរណភាពរបស់ លោក ចាន់ រ៉ាស៊ី គឺជាការបាត់បង់ ស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបំរើបុព្វហេតុ បម្រើប្រទេសជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សូមចូលរួមចែករំលែកនូវមរណទុក្ខ ដោយក្តីសោកស្តាយ អាឡោះអាល័យ ជាមួយលោកស្រី និងបុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារសពទាំងមូល និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពលោករដ្ឋលេខាធិការ ចាន់ រ៉ាស៊ី បានទៅសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕