(ភ្នំពេញ)៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០២១ ក្រោមប្រធានបទ «សមភាព កាត់បន្ថយ វិសមភាព ជំរុញការលើកកម្ពស់សិទ្ធិមនុស្ស»

ក្នុងនាមជារដ្ឋសមាជិក នៃអង្គការសហប្រជាជាតិ កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្ដីថ្លែងការណ៍ខាងលើ ក៏ដូចជាបានចុះហត្ថលេខា ផ្ដល់សច្ចាប័ន និងចូលជាសមាជិកក្របខណ្ឌគតិយុត្តិអន្ដរជាតិពាក់ព័ន្ធជាច្រើនទៀតមានជាអាទិ៍ អនុសញ្ញាអន្ដរជាតិស្ដីពីការលុបបំបាត់ទាំងស្រុងនូវការរើសអើងពូជសាសន៍, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងអនុសញ្ញាស្ដីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ដ្រីភេទ, អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងការប្រព្រឹត្តិឬការដាក់ទោសទណ្ឌដែលមានលក្ខណៈឃោរឃៅ អមនុស្សធម៌ ឬជាន់ឈ្លីកិត្តិយស និងអនុសញ្ញាស្ដីពីសិទ្ធិកុមារ, ពិធីសារបន្ថែមលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ និងរូបភាពអាសអាភាសរបស់កុមារ, ពិធីសារបន្ថែមលើអនុសញ្ញាស្ដីពីសិទ្ធិកុមារស្ដីពីការពាក់ព័ន្ធ នៃកុមារក្នុងជម្លោះប្រដាប់អាវុធ, អនុសញ្ញាអន្ដរជាតិស្ដីពីការការពារសិទ្ធិពលករចំណាកស្រុក និងសមាជិកគ្រួសារពួកគេ, ពិធីសារបន្ថែមលើអនុសញ្ញាប្រឆាំងអំពើទារុណកម្ម, អនុសញ្ញាស្ដីពីជនពិការ, នីតិវិធីប្រាស្រ័យទាក់ទងអន្ដរជាតិក្រោមអនុសញ្ញាអន្ដរជាតិសម្រាប់ការការពារបុគ្គលគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ និងអនុសញ្ញាស្ដីពីការការពារបុគ្គលគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។

សភាកម្ពុជា បានធ្វើសមាហរណកម្ម និងឆ្លុះបញ្ចាំងកាតព្វកិច្ចដែលរំលេចក្នុងខ្លឹមសារក្របខណ្ឌគតិយុត្តិ អន្ដរជាតិខាងលើគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងនូវមាត្រាជាច្រើនទាក់ទងការគោរព និងលើកកម្ពស់សិទ្ធិមនុស្សរួមមាន មាត្រា ៣១ (ទាក់ទងនឹងភាពស្មើគ្នាចំពោះមុខច្បាប់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ឬធនធាន), មាត្រា៣៥ (ទាក់ទងនឹងសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ), មាត្រា ៤៥ (ទាក់ទងការហាមឃាត់រាល់ការរើសអើងប្រឆាំងស្ដ្រី), មាត្រា ៣៨ (ទាក់ទងការហាមឃាត់ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ចោទ ឬជាប់ពន្ធនាគារ), មាត្រា ៤៧ (ទាក់ទងកាតព្វកិច្ចមាតាបិតាក្នុងការចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ), មាត្រា៤៨ (ទាក់ទងនឹងកាតព្វកិច្ចរដ្ឋក្នុងការធានារក្សាការពារសិទ្ធិរបស់កុមារជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ និងការការពារសុខភាព និងសុខុមាលភាពកុមារ) និងមាត្រា ៧៤ (ទាក់ទងកាតព្វកិច្ចរដ្ឋក្នុងការជួយឧបត្ថម្ភជនពិការ និងដល់គ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ)។

ក្នុងបរិបទនៃការធានា និងលើកកម្ពស់សិទ្ធិមនុស្ស សភាកម្ពុជាបានបង្កើតគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ប្រចាំស្ថាប័នរបស់ខ្លួន ដែលធ្វើការតាមដាន និងវាយតម្លៃនូវផលប៉ះពាល់នៃការស្នើច្បាប់នានាទាក់ទងនឹងសិទ្ធិមនុស្ស ឬភាពស្របគ្នាទៅនឹងក្របខណ្ឌគតិយុត្តិអន្ដរជាតិ ព្រមទាំងជួយជំរុញ ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។

ជាងនេះទៅទៀត សភាបានបំពេញតួនាទីគួរឱ្យកត់សម្គាល់ជាច្រើនទៀត ក្នុងការលើកកម្ពស់សិទ្ធិមនុស្សរួមមាន៖

*ទី១៖ សភាផ្ដល់សច្ចាប័នដល់ក្របខណ្ឌគតិយុត្តិអន្ដរជាតិនានាទាក់ទងនឹងសិទ្ធិមនុស្ស ដែលនឹងធ្វើឱ្យក្របខណ្ឌគតិយុត្តិទាំងនោះចូលជាធរមានទៅក្នុងច្បាប់ជាតិ ដើម្បីបង្ហាញទៅកាន់សហគមន៍អន្ដរជាតិ និងប្រជាពលរដ្ឋពីឆន្ទៈរបស់ប្រទេសខ្លួនក្នុងការអនុវត្តកាតព្វកិច្ចមានចែងក្នុងក្របខណ្ឌគតិយុត្តិអន្ដរជាតិទាំងនោះ។

*ទី២៖ សភាអនុម័តកញ្ចប់ថវិកាជាតិប្រចាំឆ្នាំ ចាំបាច់ត្រូវធានាថាផែនការ សកម្មភាព ឬការអនុវត្តការគាំពារ និងលើកកម្ពស់សិទ្ធិមនុស្សទទួលបានកញ្ចប់ថវិកាគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះ សភាក៏មានតួនាទីត្រួតពិនិត្យដើម្បីធានាថារដ្ឋាភិបាលពិតជាបានប្រើប្រាស់កញ្ចប់ថវិកាទាំងនោះចំគោលដៅ និងមានប្រសិទ្ធភាព។

*ទី៣៖ សភាត្រួតពិនិត្យសកម្មភាពរដ្ឋាភិបាលដើម្បីធានាថា ក្រសួង ឬមន្ទីរពាក់ព័ន្ធនឹងសិទ្ធិមនុស្សបំពេញភារកិច្ចរបស់ខ្លួនបានខ្ជាប់ខ្ជួន។ ក្នុងករណីមានភាពអសកម្មឬមិនប្រក្រតី សភាអាចអញ្ជើញរដ្ឋមន្រ្តីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួនជាមួយនឹងការអនុវត្តមុខងារទាំងបីរបស់ខ្លួនឱ្យកាន់តែសកម្ម សភានៃព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាបន្ត ជំរុញ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕