(សាកែវ, ថៃ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយអាជ្ញាធរស្រុកតាប្រាយ៉ា ខេត្តសាកែវ ចុះជួបសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ទៅចែកជូនដល់បងប្អូនពលករ កម្មករខ្មែរ សរុបចំនួន១០០គ្រួសារ ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងភូមិឈាងដាំ ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តសាកែវ។

អំណោយទាំងនោះរួមមាន៖ អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកដោះគោ ថ្នាំមូស ម៉ាស់ ទឹកអាកុលលាងដៃ និងអាវរងារ សំរាប់ទទួលទាន និងប្រើប្រាស់ក្នុងពេលដែលកំពុងរងនូវផលប៉ះពាល់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩។

ជាការកត់សម្គាល់ សម្រាប់បងប្អូន និងពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅខេត្តសាកែវ ប្រទេសថៃ តែងតែត្រូវបានយកចិត្តទុកដាក់ពីក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីនោះ ជាពិសេសបានជួយដោះស្រាយបញ្ហា បានជាច្រើន នៅពេលពួកគាត់ជួបបញ្ហាទាំងនេះ៕