(ភ្នំពេញ)៖ អបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០២១ ក្រោមប្រធានបទ «រួមគ្នាលលើកស្ទួយសិទ្ធិមនសុ្ស ក្នុងបរិបទកូវីដ១៩» លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រី្ត និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ខណៈប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣ លើពិភពលោក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋប្រមាណជិត៩០ភាគរយ នៃប្រជាជនសរុបជាង ១៦លាននាក់។

ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវាសិទ្ធិមនុស្សសកល (Human Rights Day) ដែលអង្គការសហប្រជាជាតិ (UN) បានប្រកាសឱ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្សជាតិគ្រប់រូបនៅលើពិភពលោកដែលកើតមកមានសិទ្ធិសេរីភាព និងស្មើភាពគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ។

លោក កែវ រ៉េមី បានឱ្យដឹងថា ច្បាប់របស់ប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរ រដ្ឋធម្មនុញ្ញ បានបង្ហាញពីទោសប្រហារជីវិតមិនមាន ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញទាំងមូល សឹងតែនិយាយពីបញ្ហាសិទ្ធិមនុស្សទាំងអស់ ហើយក្រៅពីនេះអ្វីដែលសំខាន់បំផុត គឺលិខិតតុបករណ៍សិទ្ធិមនុស្សសំខាន់ៗចំនួន០៩ ដែលជាលិខិតតុបករណ៍គោលរបស់សិទ្ធិមនុស្ស កម្ពុជាបានអនុម័តទទួលយកចំនួន០៨ នៅលើ០៩ ដែលជាចំណុចមួយសឹងតែ១០០ភាគរយ ដែលជានាំមុខនៅក្នុងតំបន់អាស៊ី នេះជាចំណុចជាក់ស្តែងយើងសង្កេតឃើញនូវការវាយតម្លៃខ្ពស់។

មេសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនថា កម្ពុជា ក៏ជាឋានសួគ៌នៃសមាគមសង្គមស៊ីវិល អង្គការសមាគមជាតិ-អន្តរជាតិ សរុបមានចំនួនប្រមាណ៦០០០ អង្គការ សមាគម អញ្ចឹងអាចនិយាយបានថាជាឋានសួគ៌នៃសមាគម អង្គការសង្គមស៊ីវិល។ ដោយឡែកសម្រាប់បរិបទរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសកម្ពុជា បាននាំមុខគេមួយទៀត ដែលជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីប្រទេសគុយបា និងប្រទេសឈីលី គឺកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ជិត៩០ភាគរយ លើកលែងតែកុមារអាយុក្រោម៦ឆ្នាំ រហូតដល់ទារកតែប៉ុណ្ណោះ ដែលមិនទាន់ទទួលបានវ៉ាក់សាំង»

លោក កែវ រ៉េមី បានបន្ថែមថា ក្រោមការដឹកនាំដល់មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានប្រើប្រាស់យុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ជូនប្រជាជនកម្ពុជា ដោយប្រជាជនទទួលបានវ៉ាក់សាំងដូសទី៣ ខណៈវិធានការទប់សស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាចក្ខុវិស័យរបស់សម្តេចតេជោ មានលក្ខណៈទន់ភ្លន់ដែលមានការបែងចែកយ៉ាងច្បាស់លាស់នូវតំបន់ក្រហម តំបន់លឿងទំ និងតំបន់លឿង សម្រាប់តំបន់ដែលបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ គឺសុទ្ធតែទទួលបានការឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលជាដើម។ល។

បន្ថែមពីនេះ លោក កែវ រ៉េមី បានបញ្ជាក់ថា នាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាយ៉ាងច្រើន ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានបាត់ការងារធ្វើ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋាននានា ក៏ត្រូវទទួលបានការចូលរួមឧបត្ថម្ភជាថវិកា គ្រឿងបភោគបរិភោគ ពីសំណាក់មន្ត្រីរដ្ឋាភិបាល ព្រមទាំងសប្បុរសជននានា ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាកជាមួយរាជរដ្ឋាភិបាលជាដើម។

មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានគូសបញ្ជាក់ថា៖ «សម្រាប់រិះគន់ពីសំណាក់បុគ្គលមួយចំនួនជុំវិញវិធានការរដ្ឋបាលរបស់រាជរដ្ឋាភិបាល ថាជាការរឹតត្បិតសិទ្ធិសេរីភាព នៃការដើរហើរ រិះគន់ចំពោះវ៉ាក់សាំងកាតព្វកិច្ច ដែលសម្តេចតេជោ បានដាក់វិធានការជូនដល់មន្ត្រីរាជការជួរមុខ ពេទ្យ និងកងទ័ព មានការរិះគន់ ក៏ប៉ុន្តែ ខ្ញុំសូមជម្រាបជូនថា អីឡូវនេះ គឺមានបណ្តាប្រទេសជាច្រើន បានយកតម្រាប់តាមប្រទេសកម្ពុជា ក្នុងការអនុវត្តវិធានការរដ្ឋាបាល វិធានការចាក់វ៉ាក់សាំងកាតព្វកិច្ចនេះ ដើម្បីជួយដល់ប្រជាជនគេ»

«ខ្ញុំសូមជម្រាបជូនថា នៅក្នុងរយៈពេលចុងក្រោយនេះនៅអឺរ៉ុប គឺមានការបោះបោរ ធ្វើបាតុកម្មយ៉ាងខ្លាំងក្នុងការទាមទារសិទ្ធិសេរីភាព ប្រឆាំងនឹងការបិទខ្ទប់ (Lockdonw) ខ្ញុំសូមជម្រាបជូនថា ឃើញភាពវឹកវររបស់បណ្តាប្រទេសអឺរ៉ុបមួយចំនួននេះ បានរាល់ដាលដល់ប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុបនេះ បង្ហាញឱ្យឃើញពីការគ្រប់គ្រងរបស់គាត់មានភាពទន់ខ្សោយ ប៉ុន្តែ យើង (កម្ពុជា) អីឡូវគ្រប់គ្រងបានល្អ រហូតមានការបើកឱ្យមានភាពប្រក្រតីឡើងវិញ...! ដែលជាការបើកសិទ្ធិគ្រប់បែងយ៉ាងឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូស្រាល ប៉ុន្តែ រដ្ឋាភិបាលនៅតែអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តអនុវត្តវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក កែវ រ៉េមី។

សូមស្តាប់ប្រសាសន៍របស់លោក កែវ រ៉េមី មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖