(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានធ្វើការទប់ស្កាត់ និងឃាត់ខ្លួនពលករខ្មែរ២១នាក់ នៅស្រុកម៉ាឡៃ ក្រោយពីពួកគេមានបំណងចង់ឆ្លងដែនខុសច្បាប់ ទៅស្វែងរកការងារធ្វើនៅប្រទេសថៃ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «នៅល្ងាចនេះ កម្លាំងអធិការស្រុក សហការជាមួយកម្លាំងវរះការពារព្រំដែន៨១៥ និងកម្លាំងសឹករងបានឃាត់មិនឲ្យពលករឆ្លងដែនខុសច្បាប់ចំនួន២១នាក់ ស្រី៨នាក់បានធ្វើការ អប់រំឲ្យវិលត្រឡប់ទៅផ្ទះវិញ»។
សូមបញ្ជាក់ថា បើទោះបីជាមានការរឹតបន្តឹងទប់ស្កាត់ នៃការធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសថៃ ទាំងខុសច្បាប់ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ខពាក់ព័ន្ធក៏ដោយ ប៉ុន្តែសកម្មភាពមួយនេះ នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសកើតឡើងនៅតាមច្រករបៀង តាមព្រំដែនជាដើម៕