(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ គេនឹងបានដឹងនូវបេក្ខភាពអេគីបថ្មី ជាក្បាលម៉ាស៊ីន សម្រាប់ដឹកនាំរាជរដ្ឋាភិបាល ដែលជាអ្នកបន្តវេន មកពីគណបក្សប្រជាជនកម្ពុជាហើយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះបានទម្លាយឱ្យដឹងជាសាធារណៈ ប្រកបដោយការភ្ញាក់ផ្អើលពីការជ្រើសតាំងបេក្ខភាព គណៈរដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា សម្រាប់បន្តវេន។

ការស្រោចស្រង់ និងដឹកនាំកម្ពុជាពីចំណុចខ្មៅងងឹត ពីចំណុចសូន្យ មកដល់ដំណាក់កាលដូចបច្ចុប្បន្ន របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនដទៃទៀតរបស់បក្សប្រជាជនកម្ពុជា គឺជាសមិទ្ធផល និងជាមរតកដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបានឡើយសម្រាប់ជាតិកម្ពុជា។ តែអ្វីកាន់តែវិសេសវិសាល ហើយចាំបាច់ថែមទៀតគឺការរៀបចំ និងបង្កើតអ្នកបន្តវេនដែលពេញដោយសមត្ថភាព ដើម្បីរក្សាមរតក ហើយបង្កើតមរតកថ្មីសម្រាប់ជាតិមាតុភូមិ។ សមដូចពាក្យគេថា វាយដណ្តើមបានទឹកដីជារឿងដ៏លំបាក តែកាន់តែលំបាកថែមទៀតនោះគឺការរក្សាទឹកដីនោះឱ្យគង់វង្ស។

ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងសម្រាប់ការបោះមួយជំហាន ក្នុងការរៀបចំអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ។

មិនត្រឹមតែគាំទ្រទេ ខ្ញុំពិតជាត្រេកអរពន់ពេកនៅពេលបានឃើញបក្សនយោបាយដ៏ធំ និងចាស់ទុំលើការដឹកនាំមួយនៅកម្ពុជា បានរៀបចំអ្នកបន្តវេនរបស់ខ្លួន។ ខ្ញុំយល់ថានេះ ជាការគិតគូរ និងរៀបចំមួយប្រកបដោយភាពត្រឹមត្រូវ និងក្នុងកាលវេលាមួយដ៏សមរម្យបំផុត។

ច្បាស់ជាមានការចោទសួរថា ហេតុអ្វីក៏រីករាយ យើងជាប្រជាពលរដ្ឋសាមញ្ញសោះ ដូចមិនជាប់ពាក់ព័ន្ធនឹងបក្សផង?

ពិតជាដូច្នោះហើយខ្ញុំមិនជាប់ពាក់ព័ន្ធអ្វីនឹងបក្សទេ។ ប៉ុន្តែខ្ញុំ កូនចៅខ្ញុំ ក៏ដូចប្រជាពលរដ្ឋកម្ពុជាទាំងមូលនឹងទទួលបានគុណប្រយោជន៍ដ៏ធំធេង ពីការរៀបចំចាត់ចែងនៃអ្នកបន្តវេនរបស់បក្សនយោបាយដ៏ចាស់ទុំលើការដឹកនាំមួយនេះ តាមរយៈធ្វើឱ្យរក្សាបាននូវស្ថេរភាព សុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពដែលជាបុព្វលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ជីវិត។

មេគ្រួសារខ្លាំង នាំគ្រួសារសុខសាន្ត និងរុងរឿង។ សម្រាប់ជាតិរឹតតែសំខាន់ក្នុងការចម្រាញ់យកមេដឹកនាំជាតិ ដែលមានសមត្ថភាពទាំងចំណេះដឹង និងការដឹកនាំ ព្រមទាំងមានឆន្ទៈមនសិការចំពោះជាតិមាតុភូមិ និងប្រជាជន ដើម្បីធ្វើជាបង្អែក ធ្វើជាចង្កូតនាំឆ្ពោះទៅរកគោលដៅរួមមួយ គឺវិបុលភាពជាតិ ហើយបន្តកសាងនូវកិត្យានុភាពជាតិ។

បើតាមសម្តេចតេជោ ហ៊ុន សែន មេដឹកនាំបន្តវេនពីគណបក្សប្រជាជនកម្ពុជា គឺមានវ័យក្រោម៦០ឆ្នាំ គឺបញ្ជាក់ពីភាពនៅមានថាមពលមាំមួនដែលជាចំណែកសំខាន់ សម្រាប់តួនាទីភារកិច្ចរបស់ខ្លួន។ បន្ថែមពីនោះបេក្ខភាពអ្នកបន្តវេននេះ មានពាក់កណ្តាលបញ្ចប់ថ្នាក់បណ្ឌិត ហើយក្រៅពីនោះគឺអនុបណ្ឌិត ដែលជាការបង្ហាញឱ្យឃើញនូវកម្រិតសមត្ថភាពចំណេះដឹងទទួលបានពីសាលា។ នេះមិនទាន់រាប់ដល់បទពិសោធន៍ និងចំណេះក្រៅសាលាដែលពួកគែបានប្រឡូកយូរឆ្នាំ ក្នុងការបម្រើជាតិមាតុភូមិជាមួយចាស់ទុំក្នុងជួរបក្ស និងដឹកនាំប្រទេសនោះទេ។ បទពិសោធន៍ការងារដែលបានប្រឡូកយូរឆ្នាំ គឺបានជួយលុតដំសមត្ថភាពរបស់អ្នកបន្តវេនឱ្យកាន់តែរឹង និងខ្លាំងពូកែ។

តាមអ្វីដែលប្រមុខដឹកនាំបក្ស និងជាបុរសរដ្ឋដែលបានសង្គ្រោះ និងកសាងជាតិកម្ពុជា បានលើកឡើង គឺបង្ហាញឱ្យឃើញពីការគិតគូរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំអ្នកបន្តវេនដើម្បីរក្សាឱ្យបាននូវមរតករបស់អ្នកជំនាន់មុនកសាងឡើងយ៉ាងលំបាក រយៈពេលជាងកន្លះសតវត្សរ៍ (រាប់១០ឆ្នាំទៅមុខទៀត) និងនាំមកនូវសមិទ្ធផល និងបង្កើតមរតកថ្មីបន្តទៅមុខទៀត។

ដូច្នេះការប្រិតប្រៀង និងចម្រាញ់យកអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា គឺពិតជាមានសារៈសំខាន់ និងគុណតម្លៃខ្ពស់បំផុត សម្រាប់ជាតិ និងប្រជាជនកម្ពុជា ដើម្បីបន្តឈរសេចក្តីថ្លៃថ្នូរ ថ្កើងមុខថ្កើងមាត់លើភពផែនដីនេះ។

ខ្ញុំសង្ឃឹម និងមានជំនឿមុតមាំថា អ្នកបន្តវេននឹងបន្តប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគំរូវីរភាព ស្មារតី ឆន្ទៈមនសិការចាស់ទុំរបស់គេ នាំមកនូវសេចក្តីសុខ វិបុលភាព និងកិត្យានុភាពសម្រាប់ជាតិ និងប្រជាជនរបស់ពួកគេ៕

ដោយ៖ វ៉ាន់ សារាយ