(ឧត្តរមានជ័យ)៖ ប្រធានកិត្តិយសកាកបាទក្រហមខេត្តឧត្តរមានជ័យ លោក ស ថាវី បាននាំយកអំណោយកាកបាទក្រហមកម្ពុជា មួយចំនួនធំទៅចែកជូនប្រជាពលរដ្ឋ ៤៨គ្រួសារ នៅក្នុងស្រុកត្រពាំងប្រាសាទ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ។
ក្នុងដំណើរចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ លោក ស ថាវី ក៏បាន នាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោក ស ថាវី បានគូសបញ្ជាក់ថា ដូចជាថ្ងៃទី១៩ ខែមេសា នេះ បន្ទាប់ពីបានទទួលដំណឹងស្តីអំពីការខូតខាតផ្ទះសំបែង និង ទ្រព្យ សម្បត្តិប្រជាពលរដ្ឋ ដោយសារខ្យល់កន្ត្រាក់កាលពីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅស្រុកត្រពាំងប្រាសាទ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ក៏បានចាត់ចែងឲ្យក្រុមការងារកាកបាទក្រហមខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខ និងនាំអំណោយយកជូនដល់ភូមិពលរដ្ឋរង គ្រោះតែម្តង។ បើទោះជាអំណោយតិចតួចក្តី តែបានបង្ហាញឲ្យឃើញពីការខិតខំយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះជួយស្រុកត្រពាំងប្រាសាទ ចំពោះពលរដ្ឋជួបទុក្ខលំបាក។
លោក ស ថាវី ក៏បានជំរាបជូនប្រជាពលរដ្ឋអំពីការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដែលចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ខេត្តក្រុងមួយចំនួននិងរងឥទ្ធិពលដោយខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ក្នុងនោះខេត្តឧត្តរមានជ័យ នឹងទទួលនូវបាតុភូតធម្មជាតិនេះដែរ ព្រមទាំងសូមឲ្យប្រជាពលរដ្ឋក្នុងខេត្ត ត្រូវមានការប្រុងប្រយត្ន័ខ្ពស់។
អំណោយដែលចែកជូនពលរដ្ឋរងគ្រោះទាំង ៤៨គ្រួសារនាថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ឝីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ត្រី ខ ១យួរ មី ១កេស ឃីតមួយកញ្ចប់។
តាមរយៈ លោក ស ថាវី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រួងមហាផ្ទៃ បានឧបត្ថម្ភថវិកាក្នុងមួយគ្រួសារ ៥០,០០០រៀល និងសង្ក័សីចំនួន ២០សន្លឹកសម្រាប់សង់លំនៅឋានឡើងវិញ។ លោក ស ថាវី បានចាត់ឲ្យក្រុមការងារចុះជួយស្រុក ត្រពាំងប្រាសាទសហការគ្នាចុះជួយលើកផ្ទះប្រជាពលរដ្ឋឡើងវិញចាប់ពីថ្ងៃទី២០ ខែមេសា ស្អែកនេះតទៅ៕