(កណ្តាល)៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំសហការីមួយចំនួន នាំយកថវិកាជាង៨លានរៀលយកទៅចូលបុណ្យសព អតីតមេបញ្ជាការស្រុកពញាឮ ខេត្តកណ្តាល លោក នាង ងិ ដែលបានទទួលមរណភាពនៅថ្ងៃម្សិលមិញ។
ថវិកាជាង៨លានរៀលនេះ រួមមានថវិកា សហសង្គ្រោះអាវុធហត្ថលើផ្ទៃប្រទេសចំនួន៥លានរៀល និងថវិការបស់កងកម្លាំងអាវុធហត្ថខេត្តកណ្តាលចំនួន៣,៣លានរៀលផងដែរ។ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានថ្លែងថា ក្រោយពីមានការណែនាំឲ្យយកចិត្តទុកដាក់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំពោះមន្រ្តីអាវុធហត្ថ និងគ្រួសារអាវុធហត្ថគ្រប់រូបនោះ ទើបនៅថ្ងៃនេះ លោកបានដឹកនាំក្រុមការងារមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំថវិកាដើម្បីចូលរួមចំណែកសម្រាប់ក្រុមគ្រួសារសព លើការចំណាយផ្សេងៗ។
មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ថវិកាដែលបានចូលរួមបុណ្យសពលោក នាង ងិ រួមមាន៖ អាវុធហត្ថស្រុកពញាឮជួយថវិកា៤០០ដុល្លារ+៨០ម៉ឺនរៀល អង្ករ១០០គ.ឡ អាវុធហត្ថស្រុកស្អាង២០ម៉ឺនរៀល អាវុធហត្ថស្រុកអង្គស្នួល២៥ម៉ឺន អាវុធហត្ថក្រុងតាខ្មៅថវិកា៣០ដុល្លារ អង្ករ៥០គ.ឡ អាវុធហត្ថស្រុកល្វាឯម៤០ម៉ឺនរៀល អាវុធហត្ថស្រុកខ្សាច់កណ្តាល៤០ម៉ឺនរៀល និងអាវុធហត្ថស្រុកមួយចំនួនទៀតដែលនឹងចូលរួមនៅថ្ងៃទី២០ ខែមេសា៕