(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ខ្ញុំបានដាក់ និងតម្កល់ជាផ្លូវការនូវញត្តិគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីមកពីគណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ខ្ញុំនឹងបង្ហាញសម្លេងឆ្នោតគាំទ្ររបស់ខ្ញុំចំពោះបេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីទុកជាប្រវត្តិសាស្ត្រនៃដំណើរជីវិតនយោបាយនៅកម្ពុជា!

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕