(សៀមរាប)៖ ភ្ញៀវទេសចរបរទេស៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីអ្នកបើករ៉ឺម៉ក់វ័យចំណាស់ម្នាក់ បានផឹកស្រាបៀរអស់៦កំប៉ុង ហើយបានដឹកភ្ញៀវទេសចរបរទេសទាំងនេះ ទៅលេងអង្គរ រួចបានបុកបង្គោលបេតុងនៅខាងស្ដាំដៃ បាក់រលំអស់៦ដើម តាមផ្លូវទៅអង្គរជិតកន្លែងលក់សំបុត្រ ចូលទស្សនាអង្គរ និងចំពីខាងមុខស្នងការដ្ឋាននគរបាលទេសចរណ៍តែម្តង។
អំណាចស្រាបៀរ៦កំប៉ុង ចូលជ្រាបរាងកាយ សរសៃសរសូងបុរសវ័យចំណាស់ម្នាក់ ដែលជាអ្នកបើករ៉ឺម៉ក់ដឹកភ្ញៀវ បានបោលបុកបង្គោលបេតុង នៅខាងចិញ្ចើមថ្នល់ រលំបាក់អស់៦ដើមខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ នៅតាមបណ្ដោយផ្លូវ ទៅកាន់ប្រាសាទអង្គរវត្ត ចម្ងាយប្រមាណជាង៥០ម៉ែត្រ ជិតកន្លែងលក់សំបុត្រ ចូលទស្សនាអង្គរ និងចំពីខាងមុខស្នងការដ្ឋាននគរបាលទេសចរណ៍។ សាក្សីដែលឃើញគ្រោះថ្នាក់ចរាចរណ៍នេះផ្ទាល់ភ្នែក បានឲ្យដឹងថា ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានជួយសង្រ្គោះបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យឯកជនមួយ។ សមត្ថកិច្ចក៏បានវាស់វែង និងបានដឹកបុរសវ័យចំណាស់នោះចេញ ពីកន្លែងកើតហេតុនោះផងដែរ។ តែអ្នកឈរមើលហេតុការណ៍បានសម្ដែងការហួសចិត្ត ចំពោះបុរសវ័យចំណាស់នោះ ស្រវឹងស្រាហើយនៅតែហ៊ានបើកបររហូតបង្ករគ្រោះថ្នាក់ ដល់ខ្លួនឯងនិងភ្ញៀវបែបនេះ។
ចំពោះព័ត៌មានលម្អិត ថាភ្ញៀវទាំងនោះជាជនជាតិអ្វី និងមានរបួសធ្ងន់ស្រាលយ៉ាងណា លោកវរសេនីយទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ខាងសមត្ថកិច្ចកំពុងពិនិត្យ និងធ្វើការមិនទាន់បានលទ្ធផលពេញលេញនៅឡើយនៅពេលនេះ ហើយនឹងប្រាប់មកវិញ ពេលបានលទ្ធ ចំពោះបុរសអ្នកបើកបរកំពុងស្ថិតក្រោមការសួនាំពីសមត្ថកិច្ច៕