(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូក្រសួងមួយក្រុម ដើម្បីជួបពិភាក្សាការងារជាមួយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងក្រុមការងារ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពី របៀបដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានី អាចធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីកែលម្អ ការជួសជុលនិងការថែទាំផ្លូវ សញ្ញាគំនូសចែកផ្លូវ និងសញ្ញាសុវត្ថិភាពចរាចរផ្លូវគោកជាដើម។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា លោក ស៊ុន ចាន់ថុល និងលោក ប៉ា សុជាតិវង្ស បានយល់ស្របថា ការជួសជុលផ្លូវភាគច្រើន គួរតែដំណើរការ នៅពេលយប់ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ ដែលបង្កការលំបាក ដល់ប្រជាពលរដ្ឋរបស់យើង។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអភិបាលរាជធានី អំពីដំណោះស្រាយបណ្តោះអាសន្ន ដើម្បីធ្វើឲ្យប្រសើរឡើងដល់សេវាសាធារណៈទាក់ទងនឹង ការចេញប័ណ្ណបើកបរ ការចុះបញ្ជី និងត្រួតពិនិត្យយានយន្ត (ឈៀក)។ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតប្រព័ន្ធចុះបញ្ជីយានយន្ត និងការបន្តសុពលភាពប័ណ្ណបើកបរថ្មី តាមប្រព័ន្ធអនឡាញ៕