(បន្ទាយមានជ័យ)៖ យុវជនម្នាក់ត្រូវបានក្មេងស្ទាវមួយក្រុម មានគ្នាជាង១០នាក់ ព្រួតគ្នាវាយយ៉ាងដំណំ បណ្ដាលឱ្យរងរបួសយ៉ាងខ្លាំងរហូតសន្លប់ ខណៈដែលកំពុងឈរមើលគេលេងទាញព្រ័ត្រក្នុងវត្តពន្លៃ ស្ថិតក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែរហូតមកដល់ពេលនេះ ជនរងគ្រោះមិនទាន់បានទទួលយុត្តិធម៌នៅឡើយទេ ពោលសមត្ថកិច្ចមិនទាន់ចាប់ខ្លួនក្រុមជនបង្ក បើទោះបីបានដាក់ពាក្យបណ្តឹង នៅកាន់ប៉ុស្តិ៍នគរបាលនៅយប់ថ្ងៃដដែលនោះ។
លោក ស៊ុន ថៃ ដែលត្រូវជាពូរបស់យុវជនរងគ្រោះ បានប្រាប់ Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះថា ក្មួយប្រុសរបស់គាត់ឈ្មោះ ហឿន សុខដែន អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយនៅពេលនេះបាននៅផ្ទះជាមួយគាត់នាខេត្តសៀមរាប ក្រោយព្យាបាលរួច។ លោក ស៊ុន ថៃ បានបន្តថា នៅថ្ងៃកើតហេតុនោះ ខណៈដែលក្មួយប្រុសរបស់គាត់ កំពុងឈរមើលគេលេងទាញព្រ័ត្រសុខៗ ស្រាប់តែមានពួកក្មេងស្ទាវមួយក្រុម មានគ្នាជាង១០នាក់ បាននាំគ្នាមកវាយនឹងដៃ និងប្រើដុំឥដ្ឋ បានបណ្ដាលឱ្យក្មួយប្រុស បែកក្បាលហូរឈាមរហាម និងរហូតដល់សន្លប់បាត់ស្មារតី ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដែលទៅលេងក្នុងវត្ត ទាំងគ្រហ័ស្ត ទាំងព្រះសង្ឃ។
បន្ទាប់ពីកើតហេតុលោក ស៊ុន ថៃ បាននាំយកក្មួយរបស់គាត់ទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ ហើយនៅវេលាប្រហែលម៉ោង៩៖០០យប់ លោកបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលឃុំពន្លៃ ដើម្បីឱ្យនគរបាលតាមចាប់ក្រុមជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ បន្តែរហូតមកទល់ពេលនេះនៅតែមិនទាន់ដឹងថា យ៉ាងណានោះទេ។ លោក ស៊ុន ថៃ បានបន្តទៀតថា ក្នុងនាមលោកជាឪពុកមារបស់យុវជនរងគ្រោះ លោកចង់ឲ្យសមត្ថកិច្ចនគរបាល សូមឱ្យជួយពន្លឿនធ្វើយ៉ាងណាតាមចាប់ក្រុមក្មេងស្ទាវទាំងនោះ យកមកផ្ដន្ទាទោសឱ្យបានឆាប់ៗ៕