(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៦នេះ បានចុះទៅសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ប្រកបដោយប្រសិទ្ធភាព និងជឿជាក់បំផុតរវាងភាគី(ក) ឈ្មោះ ឈុំ ឆឺត និងភាគី(ខ) ឈ្មោះ អ៉ិន ថា ដែលភាគីទាំងសងខាង មានការប្តឹងផ្តល់កើតទុក្ខមិនសុខចិត្តជាង១០ឆ្នាំមកហើយ ពាន់ព័ន្ធទៅនឹងករណីរំលោភយកដីស្រែ ដែលមានទំហំកន្លះហិកតា ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
កិច្ចដំណោះស្រាយនេះដែលធ្វើឡើងនៅសាលាស្រុកភ្នំក្រវាញ ក៏មានការអញ្ជើញចូលរួមពីលោក ចេង ឡៃ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អភិបាលស្រុកភ្នំក្រវាញ ប្រធានការិយាល័យដែនដីស្រុក អធិការនគរបាលស្រុក ប្រធានភូមិព្រៃខ្លុង និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ម៉ៅ ធនិន បានថ្លែងថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព និងគ្មានអ្នកចាញ់ គឺតម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ លោកនឹងធ្វើការដោះស្រាយជូន។ លោកថា «លុយយើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែ តែចំណងមិត្តភាព ជាពិសេស បងថ្លៃប្អូនថ្លៃគឺមានជារៀងរហូត»។ លោកបានបញ្ជាក់ថា បើតាមការរាយការណ៍របស់លោក ហង្ស ទេព ជាសាក្សីដឹងឮ និងជាមេភូមិព្រៃខ្លុងតែម្តងបានឲ្យដឹងថា ដីស្រែទំនាស់នេះ គឺជាកម្មសិទ្ធិរបស់ភាគី(ខ) ឈ្មោះ អ៉ិន ថា បានបញ្ចាំ មិនមែនលក់ដាច់ ទៅឲ្យបងស្រីបង្កើតឈ្មោះ អ៉ិន យ៉េន (ស្លាប់២០០៧) ជាប្រពន្ធរបស់ភាគី(ក) ឈ្មោះ ឈុំ ឆឺត ដែលជាបងថ្លៃនោះទេ គ្រាន់តែភាគី(ខ) ម្ចាស់ដី មិនបាននៅជាប់ ពោលគឺនៅធ្វើទាហានជួរមុខ ហើយភាគី(ក) ទទួលបញ្ចាំបានកាន់កាប់អាស្រ័យផលលើដីស្រែនោះ តាំងពីឆ្នាំ ១៩៩៧មកម្ល៉េះ។ លោកបានបន្ថែមទៀតថា ដើម្បីបញ្ចប់បញ្ហាទំនាស់នេះ ឲ្យបានឆាប់រហ័ស គឺមានតែកាត់ចែកដីនេះជា២ស្មើៗគ្នានោះទេ បើភាគីណាយល់ព្រម ឬមិនយល់ព្រម គឺអាចពិភាក្សាគ្នាបាន ដើម្បីលោកចាត់ឲ្យមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរៀបចំប្លង់កម្មសិទ្ធិជូន។
សូមបញ្ជាក់ថា បញ្ហាទំនាស់ដីស្រែកន្លះហិកតានេះ គឺកើតឡើងជាង១០ឆ្នាំមកហើយ សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់ក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និង ពេញចិត្តទទួលដំណោះស្រាយ ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ដោយភាគី(ក) ឈ្មោះ ឈុំ ឆឺត ទទួលបានដី ហើយយល់ព្រមបង់ជាសាច់ប្រាក់ចំនួន២៣០០ដុល្លារ ដល់ភាគី(ខ) ដើម្បីបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ ។ នៅក្នុងថ្ងៃដដែលនោះលោកអភិបាលខេត្តពោធិ៍សាត់ បានបន្តចុះពិនិត្យទីតាំងស្ពានក្បាលហុង ដើម្បីឲ្យមន្ទីរជំនាញ ធ្វើការសិក្សាគម្រោងបញ្ជាល់ទឹក និង ធ្វើស្ពានយោល សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិចូលមកទស្សនាកម្សាន្តក្នុងឆ្នាំក្រោយ៕