(កាប៊ុល)៖ មេបញ្ជាការប៉ូលិសអាហ្វហ្គានីស្ថាន បានបញ្ជាក់ថាថ្មី នៅមុននេះបន្ដិចថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្បែរស្ថានទូតអាមេរិក និងទីស្នាក់ការភ្នាក់ងារសន្តិសុខជាតិ បានកើនឡើងដល់ ២៨នាក់ ចំណែកអ្នករបួសនៅមិនទាន់មានរបាយការណ៍ប្រែប្រួលនោះទេ នេះបើយោងតាមការចេញផ្សាយ Update របស់សារព័ត៌មាន Reuters ចេញផ្សាយនៅរសៀលថ្ងៃទី១៩ ខែមេសា។
យោងតាមសំដីរបស់អាជ្ញាធរបានឲ្យដឹងថា គ្រាប់បែកត្រូវបានបង្កប់នៅក្នុងរថយន្ត ហើយបានបំផ្ទុះឡើង ដែលបណ្ដាលឲ្យមានសំឡេងយ៉ាងខ្លាំង និងបង្កការភ័យខ្លាច ហើយបើតាមប្រភពព័ត៌មានមិនច្បាស់ការណ៍ បានឲ្យដឹងថា ក្រុមឧទ្ទាមតាលីបង់ នឹងធ្វើការបំផ្ទុះគ្រាប់បែកជាបន្តទៀតនៅក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០១៦នេះ មានប្រទេសចំនួន៤គឺ សហរដ្ឋអាមេរិក ចិន ប៉ាគីស្ថាន រួមទាំងម្ចាស់ផ្ទះគឺអាហ្វហ្គានីស្ថាន បានបើកកិច្ចប្រជុំកំពូលមួយស្វែងរកដំណោះស្រាយ ដើម្បីសន្ដិភាព ក្នុងគោលដៅពិភាក្សាជាមួយក្រុមមឧទ្ទាមតាលីបង់ ដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែមកដល់ពេលនេះ ក្រុមតាលីបង់ មិនព្រមចូលតុចរចាឡើយ ផ្ទុះទៅវិញនៅតែបន្តសកម្មភាពដដែល៕