(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចំរុះ ខណ្ឌដូនពេញក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ លោក គួច ចំរើន និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក គុជ គឹម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការចុះទៅបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ខុសច្បាប់មួយកន្លែងទៀត ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៧០ ភូមិ១៩ សង្កាត់ស្រះចក។
សម្រាប់ប្រតិបត្តិការខាងលើនេះ លោក ចាន់ បណ្ឌិត នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចំរុះបានដកហូតទូហ្គេមចំនួន២គ្រឿង និងឃាត់បុរសចំនួន២នាក់ដែលមើលការខុសត្រូវ និងសន្តិសុខនៅទីតាំងហ្គេមនេះតែម្តង។ បុរសទាំង២នាក់ដែលត្រូវបានឃាត់ខ្លួននោះរួមមានទី១/ ឈ្មោះ ងួន វិចិត្រ ជាមេការ និងទី២/ ឈ្មោះ ថូ ចន្ថា ជាសន្តិសុខ។
សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញកម្លាំងសមត្ថកិច្ចក៏បានចុះទៅបង្ក្រាបទីតាំងហ្គេម មួយកន្លែងផងដែរស្ថិតនៅសង្កាត់ស្រះចក ដោយដកហូតទូហ្គេមចំនួន១គ្រឿង និងសម្ភារមួយចំនួនទៀតផងដែរ។ សម្រាប់យុទ្ធនាការបង្ក្រាបទីតាំងហ្គេម និងល្បែងស៊ីសងគ្រប់ប្រភេទ នៅលើទឹកដីខណ្ឌដូនពេញ ត្រូវបានអភិបាលខណ្ឌលោក គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ចុះស្រាវជ្រាវ និងបង្ក្រាបមិនឲ្យសល់នោះទេ ពីព្រោះល្បែងទាំងនេះ វាជាមូលហេតុនាំឲ្យកើតឡើងបទល្មើសដូចជា គ្រឿងញៀន លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម៕